ខេត្តព្រះសីហនុ៖ ក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ឋករណីចោរកម្ម(កាច់ករម៉ូតូ-ឆក់)ដ៏សកម្មនៅខេត្តព្រះសីហនុ ក្នុងនោះមានម្នាក់ចាប់តាមដីកា ត្រូវបានកំលាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត សហកាកំលាំងអធិការនិងប៉ុស្តិ៍រដ្ឋបាលបើកយុទ្ឋនាការបង្ក្រាបបានជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០១៦។
លោក វរៈសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ បានគូសបញ្ជាក់ថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះមកជាបន្តបន្ទាប់មក កំលាំងជំនាញក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្ត បានបើកការស្រាវជ្រាវ យ៉ាងម៉ត់ចត់ ដោយទទួលបានពន្លឺជាច្រើនជុំវិញករណីចោរកម្មនេះ រហូតនៅវេលាម៉ោង១រសៀល កំលាំងជំនាញសហកាកំលាំងអធិការនិងប៉ុស្តិ៍រដ្ឋាបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះតាំង ឈៀង ឡុក ហៅពៅ ហៅរ៉ា តាមដីការបង្គាប់អោយចាប់ខ្លួន នៅចំនុចផែរ៉ូយ៉ាល់ ស្ថិតក្នុងភូមិ៣សង្កាត់លេខ៣ យកមកសាកសួរ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យទី២មានឈ្មោះ ថន ចាន់ធឿន ហៅគា ភេទ ប្រុស នៅចំនុចក្បែរផ្សារឃ្លាំងលើ ស្ថិតក្នុងភូមិ០១សង្កាត់លេខ០១ ក្រុងព្រះសីហនុ យកមកសាកសួរបន្ថែម។ក្រោយពីធ្វើការសាកសួរជិតមួយម៉ោង កំលាំងជំនាញបានបន្តទៅឡោមព័ទ្ឋជនសង្ស័យទី០៣ឈ្មោះ លឿង លី ភេទ ប្រុស អាយុ២៨ឆ្នាំ នៅចំនុចម្តុំក្រោយផ្សារលើក្រុងព្រះសីហនុ ស្ថិតក្នុងក្រុមទី៣២ភូមិ០១សង្កាត់លេខ៤ និងជនសង្ស័យទី០៤ឈ្មោះមឿន ភាព ហៅខ្មៅ ហៅតឿភេទ ប្រុស អាយុ៣៥ឆ្នាំនៅចំនុចភូមិ០១សង្កាត់លេខ៤ រួមជាមួយប្រពន្ឋឈ្មោះ ច្រឹក ម៉ៅ (ពុំមានពាក់ព័ន្ឋដោះលែងក្រោយសាកសួរ)។
ក្នុងយុទ្ឋនាការនេះផងដែរ កំលាំងជំនាញបានរកឃើញនូវសម្ភារៈរបស់ជនសង្ស័យធ្វើសកម្មភាពមួយចំនួន និង ម៉ូតូចំនួន០២គ្រឿងម៉ាកគ្លីកពណ៏ខ្មៅ គ្មានស្លាកលេខនិងម៉ូតូអ៊ែប្លែតពណ៏ខ្មៅគ្មានស្លាកលេខ។
សូមបញ្ចាក់ផងដែរថា ក្នុងចំណោមជនសង្ស័យទាំង៤នាក់ដែលបានចាប់ខ្លួនមាន៣ នាក់ (ជនសង្ស័យទី០២-ទី០៣-ទី០៤)ជាមុខសញ្ញាទើបចេញពីពន្ឋធនាគា ពាក់ព័ន្ឋករណីចោរកម្ម និង ប្លន់។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់កំលាំងត្រូវបានកំលាំងសមត្ថកិច្ចសាកសួរនិង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាតំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ដោយ៖ ឆ្លាម សមុទ្រ