ខេត្តកណ្តាល៖ ក្មេងប្រុសអាយុ២ឆ្នាំបានស្លាប់ពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកស្អាង បន្ទាប់ពីក្មេងប្រុសរូបនេះត្រូវម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែបើកកៀរនិងកិនពីលើ ខណៈកំពុងរត់ឆ្លងផ្លូវជាមួយស្ត្រីជាម្តាយ កាលពីវេលាម៉ោង១៥ និង៤៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក បានរត់គេចខ្លួនបាត់ស្រមោល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ម៉ូតូសណ្តោងរ៉ឺម៉កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។ ក្មេងប្រុសរងគ្រោះឈ្មោះ ឌី វិចិត្ត អាយុ២ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយឪពុកម្តាយក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញស្ត្រីឈ្មោះ ថន ចាន់ថន អាយុ២៨ឆ្នាំ មុខរបរលក់ដូរ បានដឹកដៃក្មេងប្រុសរងគ្រោះដែលត្រូវជាកូនបង្កើតរត់ឆ្លងផ្លូវជាតិលេខ២១B ក្នុងទិសដៅពីកើតទៅលិច ខណៈនោះក៏ត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កបើកមកពីទិសខាងត្បូងទៅជើងកៀរត្រូវចំក្មេងប្រុសរងគ្រោះដួលចូលក្រោមកង់រ៉ឺម៉កកិនពីលើបន្ថែម បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗនោះរថយន្តសាមុយបានដឹកក្មេងប្រុសរងគ្រោះបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកស្អាង តែជាអកុសលពេលទៅដល់មន្ទីរពេទ្យកុមារងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្តង ។
បច្ចុប្បន្នម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងនាំយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ