ខេត្តក្រចេះ៖ ប៉ូលិសនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តក្រចេះ បានចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន ហើយដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់តូចធំ ។
ក្រោយពីចាប់ឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៩ខែមករា សមត្ថកិច្ចបានសម្រេចធ្វើតេស្យថ្នាំញៀនទាំងនេះ ដោយមានការសម្របសម្រួល ពីសំណាក់លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង ហើយពិនិត្យឃើញថាសុទ្ធសឹងជា សារធាតុញៀន ប្រភេទម៉េតំហ្វេតាម៉ីន។
ជនសង្ស័យម្នាក់នេះឈ្មោះ អ៊ុន ចាន់ម៉ៅ អាយុ៤៤ឆ្នាំ រស់នៅភូមិអូរឬស្សីទី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ហើយជននេះត្រូវបានសមត្ថកិច្ចអះអាងថា ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនាពេលកន្លងមក ។
ស្នងការរងខេត្តក្រចេះ ទទួលបន្ទុកបទល្មើសសេដ្ឋកិច្ច លោក គង់ វណ្ណារិទ្ធ បានឱ្យដឹងថា ក្រោយពីបានទទួលបទបញ្ជាពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី លន់ សុផាត កម្លាំងជំនាញក៏ចុះស្រាវជ្រាវ ហើយចាប់ឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កាលពីល្ងាចថ្ងៃទី២៨ខែមករា នៅចំណុចក្រោយបន្ទាយយោធាសឹករងក្រចេះ ក្នុងភូមិអូរឬស្សីទី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ហើយដកហូតបានថ្នាំញៀនបានចំនួន១១កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ ។
លោកស្នងការរងបានបន្តថា ទោះបីជាជននេះមិនសារភាព ប្រាប់សមត្ថកិច្ចថា ថ្នាំញៀនទាំងនេះ បានយកចេញពីប្រភពណាក៏ដោយ តែសមត្ថកិច្ចនិងបន្តស្រាវជ្រាវ ចាប់បក្ខពួករបស់គេ ដែលនៅសេសសល់បន្តទៀត ដើម្បីកសាងសំណុំរឿង ។
យោងតាមរបាយការរបស់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបង្ហាញថា ករណីបង្ក្រាបគ្រឿងញៀននៅក្នុងឆ្នាំ២០១៥ គឺសមត្ថកិច្ចបង្ក្រាបបានចំនួន៦៣ករណី លើក៤៣ករណី បើធៀបទៅនិងឆ្នាំ២០១៤ កើនឡើងចំនួន២០ករណី ។ ក្នុងនោះឃាត់ជនដែលពាក់ព័ន្ធបាន១៣៣នាក់ ហើយបានកសាងសំណុំរឿងបញ្ចូនទៅតុលាការ ។
ជាមួយគ្នានេះលោកស្នងការរង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអណាព្យាបាល បើដឹងថា កូនរបស់លោកអ្នកបានញៀនគ្រឿងញៀនហើយនោះ សុំឱ្យអណាព្យាលបាល ត្រូវចូលរួមសហការណ៍ជាមួយសមត្ថកិច្ច ដើម្បីយកទៅមណ្ឌលបន្សាបគ្រឿងញៀន ហើយករណីបង្ក្រាបគ្រឿងញៀន លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋទើបនៅក្នុងមូលដ្ឋានដែលយើងរស់នៅគ្មានគ្រឿងញៀន ៕
ដោយ៖ កោះទ្រុង