ខេត្តកំពង់ធំ៖ កាលពីរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០១៦ប្រជាពលរដ្នដែលធ្លាប់ប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ចំនួន១៥នាក់រស់នៅក្នុងឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្ម័គ្រចិត្តនាំគ្នាយកម៉ាស៊ីនឆក់ត្រីចំនួន១៥គ្រឿងមកប្រគល់ជូន នគរបាលប៉ុស្តិ៍ទ្រៀល ដោយបានធ្វើកិច្ចសន្យាថាឈប់បន្តសកម្មភាពនេះតទៅដើម្បីឲ្យសមត្ថកិច្ចប្រមូលយកទៅដុតកំទេចចោល។
លោកអនុសេនីយ៍ឯក គ្រីសារឹត នាយប៉ុស្តិ៍នគរបាលទ្រៀលបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចមូលដ្ឋានរបស់លោកបានចុះធ្វើការផ្សព្វផ្សាយច្បាប់ពីស្តីពីការហាមឃាត់មិនឲ្យប្រើឧបករណ៍នេសាទខុសច្បាប់ អស់រយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២៦ថ្ងៃទី២៨ខែមករា ទើបនៅរសៀលថ្ងៃទី២៨ខែមករានេះ ពួកគាត់បានស្ម័គ្រចិត្តនាំយកម៉ាស៊ីន ឆក់ត្រីមកប្រគល់ឲ្យសមត្ថកិច្ចចំនួន១៥គ្រឿង គឺលើកទី១បានចំនួន១០គ្រឿងនៅចំណុចវាលស្ទឹងកំបុត្រនិង៥គ្រឿងទៀតនៅប៉ុស្តិ៍ទ្រៀល សមត្ថកិច្ចបានបញ្ជាក់ថានេះជាលើកទី៣ហើយដែលសមត្ថកិច្ចទទួលបានម៉ាស៊ីនឆក់។
លោកនាយប៉ុស្តិបានបន្តថា កម្លាំងសមត្ថកិច្ចរបស់លោកនឹងបន្តធ្វើការផ្សព្វផ្សាយបន្តទៀតរហូតដល់ប្រជាពលរដ្ឋនៅតំបន់នោះមានការយល់ដឹងកាន់តែច្បាស់អំពីធន់ធានមច្ឆាជាតិ ប្រជាពលរដ្ឋទាំង១៥នាក់នេះបានឆ្លើយសារភាពថា ពួកគាត់ពិតជាធ្លាប់បានប្រកបមុខរបរឆក់ត្រីនេះ អស់រយៈពេលជាយូរខែមកហើយ តែការឆក់ត្រីកន្លងទៅនេះសុទ្ធតែបង់លុយឲ្យទៅសមត្ថកិច្ច ជាពិសេសសមត្ថកិច្ចជំនាញ ជលផលស្រុកបារាយក្នុងមួយខែៗ១០០ដុល្លា ហើយពួកគាត់ទាំងអស់គ្នាបានសំណូមពរដល់ ឯកឧត្តម អ៊ុតសំអន អភិបាលខេត្តកំពង់ធំ មេត្តាដកលោកនាយសង្កាត់ជលផលបារាយណ៍ចេញ ព្រោះគាត់បក្ខពួកនិយមបង្ក្រាបរើសមុខ៕
ដោយ៖ ប៊ុន រិទ្ធី