អាជ្ញាធរ​ចិន៖ សម្រេច​បំផ្ទុះ​ទំនប់​វា​រី​អគ្គិសនី​មួយ ​ក្នុង​ខេត្ត​អាន​ហ៊ុយ​ភាគ​ខាងកើត​នៃ​ប្រទេសចិន ដើម្បី​រំដោះ​សម្ពាធ​ទឹកជំនន់​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក នៅ​ថ្ងៃទី២០ ខែកក្កដាម្សិលមិញនេះ ខណៈ​ភ្លៀង​នៅតែបន្ត​ខ្លាំងៗឡើង ដែល​បង្កើន​បរិមាណ​ទឹក​ទន្លេ​នៅក្នុង​ប្រទេស​ចិន​ ទើបអាជ្ញាធរ​ចិន បានសម្រេច​បំផ្ទុះ​ទំនប់​វា​រី​អគ្គិសនី​មួយ​ក្នុង​ខេត្ត​អាន​ហ៊ុយ​ភាគ​ខាងកើត​នៃ​ប្រទេស ដើម្បី​រំដោះ​សម្ពាធ​ទឹកជំនន់​ ។

​បើតាម​ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​ចិន បានបញ្ជាក់ថា គ្រោះទឹកជំនន់​នេះ បាន​ប៉ះពាល់​ដល់​មនុស្ស​ជិត​២៤​លាន​នាក់ ចាប់តាំងពី​ដើមខែ​កក្កដា​មកនេះ​ ។ ដោយកម្រិត​ទឹក​បន្ត​ហក់​ឡើង​ខ្ពស់​នៅ​ភាគ​ខាងកើត និង​កណ្ដាល​នៃ​ប្រទេស​ចិន ហើយ​មកទល់ពេលនេះ ជំនន់​ទឹកភ្លៀង​នេះបានសម្លាប់​មនុស្ស​ជាង​១៤០​នាក់​ហើយ​។

​ឆ្លើយតប​នឹង​បញ្ហា​ទឹកជំនន់​នេះ អាជ្ញាធរ​ចិន បាន​អនុវត្ត​វិធានការ​បន្ទាន់ ដូចជា បង្វែរ​ទឹក​ចូលទៅក្នុង​អាង​ស្ដុក​ទឹក​ដើម្បី​គ្រប់គ្រង​កម្រិត​ទឹកស្រប​ពេលដែល​ទឹក​របស់​ទន្លេ​និង​បឹង​សំខាន់ៗ កើន​ដល់​កម្រិត​ប្រកាសអាសន្ន​។

​ក្នុង​ខេត្ត Anhui ទំនប់​វា​រី​អគ្គិសនី​មួយ​លើ​ដង​ទន្លេ​ឈូ ត្រូវបាន​បំផ្លាញចោល នៅ​ថ្ងៃទី ១៩ ខែកក្កដា ខណៈ​កម្រិត​ទឹក​ហក់​ឡើងដល់​កម្រិត​ខ្ពស់​ខ្លាំងពេក​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អាជ្ញាធរ​តំបន់​ចិន អះអាងថា ការ​បំផ្ទុះ​នេះ ធ្វើឡើង​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាជន​ដែល​រស់នៅ​ក្បែរ​តំបន់​នេះ​។

​ដោយឡែកសារព័ត៌មាន​រដ្ឋ​ចិន Global Times ចុះផ្សាយ​ថា ការបំផ្លាញ​ទំនប់​វា​រី​អគ្គិសនី​នេះ រំពឹង​នឹង​កាត់បន្ថយ​កម្រិត​ទឹក​នៅ​ទន្លេ​ឈូប្រមាណ ៧០ សង់ទីម៉ែត្រ​។ ហើយ​ការរំដោះ​ទឹក​នេះ ត្រូវបាន​បែង​ចែង​ទៅកាន់​ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេ​នេះ និង​អាង​ស្តុក​ទឹកធម្មជាតិ​នានា​។

​សូមជម្រាបថា កម្រិត​ទឹក​របស់​បឹង​និង​ទន្លេ​សរុប​ចំនួន ៣៥ ត្រូវបាន​មើលឃើញថា ហក់​ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន នៅ​រសៀល​ថ្ងៃទី១៨ ខែកក្កដា រួមទាំង ទន្លេ​យ៉ង់​សេ និង​ទន្លេ​ហ៊ួ​យ​ហឺ​ផងដែរ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។

​គួរបញ្ជាក់ដែរថា កាលពី​សប្តាហ៍​មុន ទំនប់​វា​រី​អគ្គិសនី​យក្ស​ចិន Three Gorges ក៏បាន​បើកទ្វារ​ទឹកជំនន់​ចំនួន​៣​របស់ខ្លួន​ផងដែរ ក្រោយ​កម្រិត​ទឹក​ក្នុង​ដង​ទន្លេ​យ៉ង់​សេ បាន​ហក់​ឡើង​ជាង​១៥​ម៉ែត្រ​លើ​កម្រិត​ទឹកជំនន់​៕ ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print