ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្រោមអធិបតីភាពសម្ដេចឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយក និងអគ្គនាយករង ក្នុងនោះរួមមាន៖ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃជាច្រើនរូបទៀត។
អញ្ជើញថ្លែងបើកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកិច្ចប្រជុំស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នាថ្ងៃនេះ បានធ្វើឡើងតាមសំណើរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ សម្ដេចបានមានប្រសាសន៍ថាក្នុងរយៈពេលមួយវែងសមគួរកន្លងមក ទោះបីមានការរិះគន់ខ្លះ ប៉ុន្តែយើងបានគ្រប់គ្រងជនបរទេស ជនអន្តោប្រវេសន៍បានល្អប្រសើរជាងមុន។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថាបើប្រៀបធៀបនឹងសម័យកាលមុនៗក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺទើបតែសម័យកាលបច្ចុប្បន្ននេះទេ ដែលប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបញ្ហាជនបរទេស បញ្ហាជនអន្តោប្រវេសន៍ បានល្អប្រសើរ បន្ទាប់ពីក្រសួងមហាផ្ទៃបានសម្រេចបង្កើតឱ្យមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរាយការណ៍ជូនសម្ដេចព្រមទាំងអង្គប្រជុំអំពីវឌ្ឍនភាពនៃការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ និងជនបរទេសមិនមែនអន្តោប្រវេសន៍ ជាពិសេសពាក់ព័ន្ធនឹងការចេញប្រកាសទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ និងការចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសអន្តោប្រវេសន៍ និងអំពីដំណើរការប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងប្រទេសកម្ពុជា(FPCS)។
ពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការប្រព័ន្ធ FPCS ឯកឧត្តមបានមានប្រសាសន៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសិក្សាស្រាវជ្រាវតាំងតែពីដើមឆ្នាំ២០១៩ក្នុងពេលដែលសម្ដេចក្រឡាហោមបានបង្កើតគណៈកម្មការមួយចុះទៅគាំទ្ររដ្ឋបាលខេត្តព្រះសីហនុ ប៉ុន្តែចាប់ពីពេលនោះមកការងារនេះមិនទាន់ទទួលបានលទ្ធផល ដោយសារតម្រូវឱ្យមានការវាយទិន្នន័យម្ដង១ៗ នាំឱ្យមានការលំបាកច្រើន ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបន្តថាអគ្គនាយកដ្ឋានក៏បានសិក្សាបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធនេះមានភាពងាយស្រួល ។ រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩មក ក្រុមការងារបច្ចេកទេសបានចាប់ផ្ដើមប្ដូរពីការរៀបចំប្រព័ន្ធដែលប្រើប្រាស់កុំព្យូទ័រមកជាប្រព័ន្ធAPP ហៅថាFPCS ដែលអាចប្រើប្រាស់តាមទូរស័ព្ទ អាយផេត ឬកុំព្យូទ័រ ដោយមិនចាំបាច់វាយទិន្នន័យម្ដង១ដូចមុនទៀតទេ គឺគ្រាន់តែយកទូរសព្ទស្កេនលើលិខិតឆ្លងដែនពយើងអាចទាញយកទិន្នន័យបានយ៉ាងរហ័ស ។
ដោយសារប្រព័ន្ធនេះត្រូវបានសិក្សាដោយក្រុមមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ខ្លួនឯង និងជាប្រព័ន្ធថ្មីផងនោះ ឯកឧត្តមបានបញ្ជាក់ថាមានចំណុចខ្លះក៏ត្រូវកែសម្រួល និងធ្វើបច្ចុប្បន្នភាពជាច្រើនលើជាដែរ ដែលនាំឱ្យមានការរាំងស្ទះខ្លះនៅពេលដាក់ឱ្យដំណើរការដំបូង។
លោកនាយឧត្តមសេនីយ៍រូបនេះ បន្តថាអគ្គនាយកដ្ឋានក៏បានចុះបង្រៀនមន្រ្តីអន្តោប្រវេសន៍នៅគ្រប់ស្នងការដ្ឋាននគរបាល គ្រប់អធិការដ្ឋាននិងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំសង្កាត់រាជធានីខេត្តឱ្យចេះប្រើប្រាស់នូវប្រព័ន្ធនេះជាបណ្ដើរៗហើយ និងថាសម្រាប់ការបណ្ដុះបណ្ដាលនេះបានផ្ដោតលើនគរបាលប៉ុស្ត៍រដ្ឋបាលដែលពួកគាត់អាចមានលទ្ធភាពចុះទៅពន្យល់ម្ចាស់ទីតាំង និងជនបរទេសក្នុងមូលដ្ឋានពីការតម្រូវឱ្យចុះបញ្ជីវត្តមាននៅលើប្រព័ន្ធនេះ និងរបៀបប្រើប្រាស់ប្រព័ន្ធនេះ។
លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍បន្ថែមថា ប្រព័ន្ធនេះ ក៏បានដាក់មេរៀនខ្លីៗស្ដីពីរបៀបនៃការប្រើប្រាស់ដែរ ដោយមានមេរៀនចំនួន៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ហើយថាប្រព័ន្ធនេះបានផ្ដល់អត្ថប្រយោជន៍ជូនម្ចាស់ទីតាំង និងសម្រាប់មន្រ្តីនគរបាល ឬអាជ្ញាធរ។ សម្រាប់ម្ចាស់ទីតាំងគឺអាចប្រើប្រាស់ប្រព័ន្ធនេះដើម្បីគ្រប់គ្រងចំនួនភ្ញៀវបរទេសចេញចូលទីតាំងរបស់ខ្លួន ហើយសមត្ថកិច្ចមូលដ្ឋានអាចឆែកដឹងបានថាតើមូលដ្ឋានរបស់ខ្លួនមានជនបរទេសកំពុងមានវត្តមានប៉ុន្មាននាក់ ចូលប៉ុន្មាន និងចេញប៉ុន្មានក្នុងមួយថ្ងៃ ។
លោក មានប្រសាសន៍ថា បន្ទាប់ពីក្រសួងមហាផ្ទៃបានប្រកាសកំណត់ថាចាប់ពីថ្ងៃទី១ ខែកក្កដា តទៅជនបរទេសដែលមិនមានឈ្មោះក្នុងប្រព័ន្ធ FPCSនេះ នឹងមិនត្រូវបានផ្ដល់ការបន្តទិដ្ឋាការនោះ ការណ៍នេះបានធ្វើឱ្យជនបរទេសមានការភ្ញាក់ផ្អើល ហើយមានជនបរទេសជាច្រើនបានសំរុកចុះវត្តមានរបស់ខ្លួននៅក្នុងប្រព័ន្ធ FPCS ។ តាមរយៈយន្តការនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានសហការផ្លាស់ប្ដូរព័ត៌មានគ្នាជាមួយបណ្ដាស្ថានទូតមួយចំនួន ។
ជាការកត់សំគាល់ការចុះឈ្មោះរាយការណ៍ក្នុងប្រព័ន្ធ FPCS បានកើតឡើងដល់ជាង១៦ម៉ឺននាក់ មាន១៨៣សញ្ជាតិ ហើយចំនួននេះនៅតែបន្តមានកំណើនជារៀងរាល់ថ្ងៃ ដោយក្នុងនោះទិន្នន័យបានបង្ហាញថាមានជនបរទេសប្រមាណ១១ម៉ឺននាក់កំពុងមានវត្តមាននៅកម្ពុជា ហើយសម្រាប់ភ្ញៀវបរទេសដែលបានមកស្នើសុំបន្តទិដ្ឋាការនារយៈពេលចុងក្រោយនេះ គឺសុទ្ធតែជនបរទេសដែលបានចុះបញ្ជីវត្តមាននៅក្នុងប្រព័ន្ធ FPCS។
បន្ថែមពីនេះលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើង នៅបញ្ហាប្រឈមមួយចំនួនគោរពជូនសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ដើម្បីសម្រួលបន្ថែមទៀតដល់ការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅកម្ពុជា (FPCS)។
នៅក្នុងឱកាសនោះដែរលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានចូលរួមយោបល់ជូនសម្ដេច និងអង្គប្រជុំដែរ។ ជាការកត់សំគាល់ឯកឧត្តមសន្តិបណ្ឌិតបានជូនយោបល់ថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍គួរតែតម្រឹមដែនកំណត់នៃភូមិសាស្ត្រដែលអាចឆែកមើលទិន្នន័យនេះ ពោលគឺនៅក្នុងមូលដ្ឋានណា មានតែអ្នកនៅមូលដ្ឋាននោះទេដែលអាចឆែកបាននិងបានស្នើសុំឱ្យពិចារណារកអ្នកជំនាញ អាចមកពីអាល្លឺម៉ង់ ដើម្បីជួយសម្រួលប្រព័ន្ធនេះ ប្រសិនបើមានតម្រូវការចាំបាច់។
ក្រោយពីបានស្ដាប់របាយការណ៍ និងមតិយោបល់ជាបន្តបន្ទាប់របស់អង្គប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំអង្គប្រជុំពិភាក្សាគ្នាលម្អិតបន្ថែមទៀត អំពីការដំណើរការប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS)នេះ៕ដោយ៖ស តារា