អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ និង៦នាក់ទៀតរងរបួស នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅឯតំបន់ភាគអាគ្នេយ៍នៃប្រទេសកូឡុំប៊ី ។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិកូឡុំប៊ី នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ម្សិលមិញនេះ ។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ដែលបានដកស្រង់នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការពារជាតិកូឡុំប៊ី បានបញ្ជាក់ថា បំណែកឧទ្ធម្ភាគចក្រ UH-60 Black Hawk ដែលដឹកមនុស្ស ១៧នាក់ ត្រូវបានគេរកឃើញនៅតាមបណ្តោយដងទន្លេ Inirida ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកូឡុំប៊ី ។ ដោយឡែក អ្នករងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាល ខណៈក្រុមជួយសង្គ្រោះកំពុងបន្តការស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន។
ក្រោយកើតហេតុបានគូសបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលធ្លាក់នេះ ត្រូវបានបញ្ជូនឲ្យចូលរួមនៅក្នុងប្រតិបត្តិការយោធា ដើម្បីប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅតំបន់ Guaviare មុនពេលដែលវាធ្លាក់នៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។ ហើយក្រុមមន្ត្រីជំនាញ ជាច្រើននាក់ត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីកំណត់ ពីមូលហេតុនៃការធ្លាក់នេះ៕ដោយ៖ស តារា