ចាប់ពី​ថ្ងៃទី​១៧ ខែសីហាខាងមុខ​នេះ! ប្រទេស​នេ​ប៉ាល់ ​នឹង​បើក​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ

ចែករំលែក៖

អន្តរជាតិ៖ នៅ​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាល​នេ​ប៉ាល់ បានប្រកាសថា ខ្លួន​នឹង​បើក​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ នៅ​ពាក់កណ្ដាល​ខែសីហា​ខាងមុខ ក្នុង​គោលដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ដែល​រងគ្រោះ​ដោយសារ COVID-19 អស់រយៈពេលជាច្រើនខែកន្លងទៅនេះ ។ 

​ទីភ្នាក់ងារ​ព័ត៌មាន AFP បានចេញផ្សាយដោយដកស្រង់ប្រសាសន៍ រដ្ឋមន្ត្រី​ទេសចរណ៍ និង​អាកាសចរណ៍​ស៊ីវិល​នេ​ប៉ាល់  Yogesh Bhattarai បានអះអាងថា ការសម្រេចចិត្ត​បើក​ជើងហោះហើរ​ទាំង​ក្នុងស្រុក ​និង​អន្តរជាតិ​ជាថ្មី​នេះ គឺចាប់ពី​ថ្ងៃទី​១៧ ខែសីហា​នេះ បន្ទាប់ពីមានការ​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ កាលពី​ថ្ងៃទី ២០ ខែកក្កដា​ថ្មីៗនេះ ។ 

លោក​រដ្ឋមន្ត្រី បន្ថែមថា រាល់​អ្នកដំណើរ​ដែល​ម​ក​ដល់ និង​ចាកចេញ នឹង​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់ថា ពួកគេ​គ្មាន​ជំងឺ COVID-19 ហើយអ្នកដំណើរ​ដែល​មកដល់​ទឹកដី​នេ​ប៉ាល់ ក៏​នឹង​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ។ ក៏ប៉ុន្តែ​លោក​ពុំបាន​បញ្ជាក់​ពេលវេលា​ជាក់លាក់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ ​។ លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា«​ខាង​ក្រសួង​កំពុងធ្វើការ​លើ​វិធាន​សុវត្ថិភាព​សម្រាប់​ការគ្រប់គ្រង​ព្រលានយន្តហោះ ប្រតិបត្តិ​ករ​ជើងហោះហើរ និង​អ្នកដំណើរ​សម្រាប់​គោលបំណង​នេះ​»​។ 

គួរបញ្ជាក់ថា ​នេ​ប៉ាល់​ដែលជា​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង បាន​បិទ​ព្រលានយន្តហោះ​ខ្លួន ចាប់តាំងពី​ចុងខែ​មីនា ដើម្បី​ប្រយុទ្ធ​នឹង​ការ​រាលដាល COVID-19 ដែល​មកដល់ពេលនេះប្រទេសមួយនេះ ​បាន​ចម្លង​មនុស្ស​១៧, ៨៤៤​នាក់ ហើយ​អ្នកស្លាប់ មានចំនួន៤០​នាក់​​ ។ ចំពោះការបិទជើងហោះហើរ​នេះ បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​ដែលជា​វិស័យ​ដ៏​សំខាន់​មួយ​របស់​សេដ្ឋកិច្ច​ប្រទេស​នេះ​ផងដែរ ។ 

ដោយឡែក​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាលប្រទេសនេ​ប៉ាល់ បានបញ្ជាក់ថា ប្រមាណ​១​ភាគ​៣ ​នៃ​អ្នកដំណើរ​សរុប​ទាំង​១,២​លាន​នាក់​ ដែល​ទៅលេង​កម្សាន្ត​នៅ​នេ​ប៉ាល់​កាលពី​ឆ្នាំមុន គឺ​ស្ថិតក្នុង​អំឡុង​រដូវ​ស្លឹកឈើ​ជ្រុះ (​ចន្លោះ​ពីថ្ងៃ​ទី​២២ កញ្ញា ដល់ ថ្ងៃទី ២១ ធ្នូ​)​ ។ ដោយអ្នកទេសចរ​ទាំងនោះ គឺ​ភាគច្រើន​ជា​អ្នក​ចូលចិត្ត​ដើរ​កម្សាន្ត​តាម​ព្រៃភ្នំ​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print