អន្តរជាតិ៖ ដើម្បីនាំយកវ៉ាក់សាំងជំងឺ COVID-19 ឲ្យប្រជាជនអាមេរិក លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២១ ខែកក្កដាម្សិលមិញនេះ បានបង្ហាញឆន្ទៈធ្វើការជាមួយប្រទេសនានារាប់ទាំងចិនផងដែរនោះ ។ លោកត្រាំ បាននិយាយថា សម្រាប់វ៉ាក់សាំងយកទៅជួយប្រជាជនអាមេរិក សហរដ្ឋអាមេរិកអាចធ្វើការជាមួយចិនបាន ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២១ ខែកក្កដា លោកប្រធានាធិបតីអាមេរិក ត្រាំ ត្រូវបានសួរថា៖ រដ្ឋបាលអាមេរិកនឹងសហការជាមួយចិនក្នុងការបង្កើតវ៉ាក់សាំងជាមួយចិនឬយ៉ាងណា ។ ប្រធានាធិបតីរូបនេះឆ្លើយតបវិញថា៖ «យើងមានឆន្ទៈធ្វើការជាមួយប្រទេសទាំងអស់ដើម្បីសម្រេចបានលទ្ធផលល្អ»។ បន្ទាប់ពីលោក ត្រាំ និយាយបែបនេះមួយថ្ងៃក្រោយការប្រកាសព័ត៌មានពីការសាកល្បងវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន ដែលបង្ហាញពីសញ្ញាវិជ្ជមាន ។ វ៉ាក់សាំងដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន CanSino Biologics និងអង្គភាពសុខាភិបាលកងទ័ពចិន ត្រូវបានតេស្តក្នុងដំណាក់ទីបី ហើយលទ្ធផលបង្ហាញថា មានសុវត្ថិភាពក្នុងការប្រើប្រាស់ ពិសេសជំរុញប្រព័ន្ធស៊ាំរាងកាយប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី។
មិនតែប៉ុណ្ណោះវ៉ាក់សាំងនេះ ស្ថិតក្នុងចំណោមវ៉ាក់សាំងជាង២០ ដែលត្រូវបានពិសោធនៅជុំវិញពិភពលោក តែស្ថិតក្នុងចំណោមវ៉ាក់សាំងតិចតួចដែលអាចឈានដល់ដំណាក់សាកល្បងទីបី ។ វ៉ាក់សាំងដែលស្ថិតនៅដំណាក់បែបនេះដែរមានមកពីក្រុមហ៊ុន Moderna ដែលធ្វើការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ។ នៅអង់គ្លេស វ៉ាក់សាំងដែលពិសោធរួមគ្នាដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនស្វ៊ីស-អង់គ្លេស AstraZeneca ក៏ផ្ដល់លទ្ធផលគាប់ប្រសើរ។
សូមជម្រាបថា នៅក្នុងសន្និសីទសារព័ត៌មានខាងលើដែល គឺជាសន្និសីទដំបូងគេទាក់ទង COVID-19 ក្នុងរយៈពេលជាងពីរខែកន្លងមកនេះ ដែលលោក ត្រាំ ទទួលស្គាល់ថា ស្ថានការណ៍ជំងឺនេះនៅផ្នែកជាច្រើនរបស់អាមេរិក នឹងកាន់តែយ៉ាប់យ៉ឺនខ្លាំង បើទោះជារដ្ឋខ្លះកំពុងមានភាពល្អប្រសើរក្ដី។ អាមេរិកមានអ្នកឆ្លង៤លាននាក់ និងស្លាប់ជាង១៤ម៉ឺននាក់។ជាការផ្លាស់ប្ដូរជំហរសឹង១៨០ដឺក្រេ លោក ត្រាំ ក៏បានស្នើឲ្យប្រជាជនអាមេរិកនាំគ្នាពាក់ម៉ាស់ នៅពេលមិនអាចអនុវត្តគម្លាតសុវត្ថិភាពបាន ។
គួរបញ្ជាក់ដែលថា បើនិយាយពីរឿងជំងឺ COVID-19 អាមេរិក និងចិនមិនត្រូវគ្នាឡើយ ។ ក្រៅពីរិះគន់ចិនថា ដោះស្រាយបញ្ហាមិនល្អ អាមេរិកក៏ថែមទាំងចោទថា ចិនជាប្រភពជំងឺផ្លូវដង្ហើមនេះទៅទៀត ។ ដ្បិតមិនត្រូវរឿងជាច្រើនមែន សហរដ្ឋអាមេរិកនៅតែមានឆន្ទៈសហការជាមួយចិនក្នុងការផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឲ្យបានជោគជ័យសម្រាប់ប្រជាជនខ្លួនដដែល ខណៈបច្ចុប្បន្ន វ៉ាក់សាំងដែលអភិវឌ្ឍដោយចិនទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ផងដែរ ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាអ្នកបង្ហាញជំហរបែបនេះដោយផ្ទាល់ បើទោះកន្លងមកលោករិះគន់ចិនរឿង COVID-19 មិនប្រណីមាត់ក៏ដោយ ៕ដោយ៖ស តារា