ប្រធានាធិបតី​ហ្វីលីពីន៖ ការចម្លង​កូ​រ៉ូ​ណាវី​រុស​ COVID-19 ទៅ​អ្នកដទៃ គឺជា «​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​»​

ចែករំលែក៖

អន្តរជាតិ៖ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន បានប្រកាសកាលពីថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២០ថា ប្រជាជនណា ដែលមិន​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត​សុវត្ថិភាព ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាតជំងឺឆ្លង COVID-19 នៅក្នុង​ប្រទេសនោះ នឹងត្រូវចាប់ខ្លួន ​។ ការព្រមាន​នេះ ធ្វើឡើង​ស្របពេល​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ប្រទេសមួយនេះ កំពុង​ហក់​ឡើងខ្ពស់ ​។ មិនតែប៉ុណ្ណោះលោក សង្កត់ធ្ងន់ថា ការចម្លង​កូ​រ៉ូ​ណាវី​រុស​ COVID-19 ទៅ​អ្នកដទៃ គឺជា «​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​» ។ 

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ ​និយាយថា ពាក់ព័ន្ធ​នឹង​ការកើនឡើង​ករណី​ឆ្លង​នេះ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន បាន​ព្រមាន​ចាប់ខ្លួន​ប្រជាជនហ្វីលីពីន​ណា​ ដែល​ចម្លង​វីរុស​ទៅ​អ្នកដទៃ មិន​ពាក់​ម៉ាស់ និង​មិន​រក្សា​កម្លា​ត​សុវត្ថិភាព​ជាដើម​ ។ ហើយលោក បញ្ជាក់ថា «​យើង មិនមាន​អ្វី​ត្រូវ​ស្ទាក់ស្ទើរ​ក្នុងការ​ចាប់ខ្លួន​មនុស្ស​នោះទេ​»​។

ទន្ទឹមនឹងនេះ លោក​ឌូ​ទើ​តេ បានបញ្ជាក់​ទៀតថា ប្រសិនបើ​ប្រជាជន​ទាំងឡាយណា​ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលីស ជន​ទាំងនោះ អាចនឹងទទួល​មេរៀន​គ្រប់ពេលវេលា​ ។ ដូចជាក់ស្តែង កាលពី​ខែមេសា​កន្លងមក ប្រធានាធិបតី​ហ្វីលីពីន​វ័យ​៧៥​ឆ្នាំ​រូបនេះ ធ្លាប់បាន​ព្រមាន​ថា អ្នក​បំពាន​បម្រាម​បិទ​ប្រទេស និង​បង្កបញ្ហា អាច​នឹង​ត្រូវគេ​បាញ់សម្លាប់ផងដែរ ​។ 

​ក្នុងស្ថានភាព COVID-19 កំពុង​រាតត្បាត​ក្នុងប្រទេស ក្រសួងសុខាភិបាល ដាក់​គោលដៅ​បង្កើន​ការ​តេស្ត​រក COVID-19 បន្ថែម​ទៀត ។ តាមរយៈ​កិច្ចប្រជុំ​ដែល​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ហ្វីលីពីន​ជាមួយ​លោក​ប្រធានាធិបតី លោក Francisco Duque រដ្ឋមន្ត្រី​សុខាភិបាល បាន​លើកឡើងថា ហ្វីលីពីន មាន​គោលបំណង​បង្កើន​ការធ្វើ​តេស្ត​លើ​មនុស្ស​ឲ្យ​បាន​៣២០០០​នាក់​ទៅ​៤០០០០​នាក់​ក្នុង​មួយថ្ងៃ បើ​ធៀប​នឹង​ពេលបច្ចុប្បន្ន ដែលមាន​ចំនួន​ធ្វើតេស្ត​លើ​មនុស្ស​ពី ២០០០០ ទៅ​២៣០០០​នាក់​ប៉ុណ្ណោះ​។

លោក​រដ្ឋមន្ត្រី​សុខាភិបាល​បន្តថា ប្រទេសហ្វីលីពីន នឹងធ្វើ​តេស្ត​រក COVID-19 លើ​ប្រជាជន​ហ្វីលីពីន​ឲ្យ​បាន ១០​លាន​នាក់ គិត​ត្រឹម​ត្រីមាស​ទី​២ នៅ​ឆ្នាំក្រោយ ​។ រហូតមកទល់ពេលនេះ ហ្វីលីពីន បានធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន​១,១​លាន​នាក់​ហើយ​ដើម្បីរ​កកូ​រ៉ូ​ណាវី​រុស​។

គួរបញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​ហ្វីលីពីន បាន​កើន​ឡើងជា​លំដាប់ ​។ ហើយនៅ​ថ្ងៃទី​២០ ខែកក្កដាថ្មីៗនេះ ប្រទេសហ្វីលីពីន​មាន​ករណី​ឆ្លង​COVID-19 ១៥២១​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៤​នាក់​។ ចំណែកតួលេខ​សរុប​របស់​ហ្វីលីពីន​មាន​ចំនួន ៦៨៨៩៨​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ១៨៣៥​នាក់ ​។ អត្រា​នេះ ធ្វើ​ឲ្យ​ហ្វីលីពីន ក្លាយជា​ប្រទេស​មាន​ករណី COVID-19 សរុប​ច្រើនជាងគេ​លំដាប់​ទី​២​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ឥណ្ឌូណេស៊ី ដែលមាន​ចំនួន​សរុប​ជិត ៩​ម៉ឺន​ករណី​។ 

សូមជម្រាបផងដែរថា បច្ចុប្បន្នហ្វីលីពីន បាន​បិទ​តំបន់​មួយចំនួន​ជាថ្មី បន្ទាប់ពី​ករណី​ឆ្លង COVID-19 ហក់​ឡើងកាន់តែខ្ពស់ ​។ រីឯប្រជាជន​ក្នុង​ក្រុង Navotas រដ្ឋធានី​ម៉ានីល ត្រូវបាន​បិទ​តាំងពី​ថ្ងៃទី​១៦ ខែកក្កដា​ចំនួន​រយៈពេល ២​សប្តាហ៍​។ ប្រជាជន ត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញពីផ្ទះ ក្នុងករណី​ទៅ​ទិញ​របស់​ប្រើប្រាស់​ចាំបាច់​តែប៉ុណ្ណោះ​។ ដោយឡែកកម្លាំង​ប៉ូលីស និងរថយន្តយោធា ត្រូវ​បាន​គេ​ពង្រាយ​នៅក្នុង​តំបន់​នេះ​ផងដែរ ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print