ប្រមុខ​ការពារជាតិ​អាមេរិក គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន ដើម្បី​ជជែក​គ្នា​ពី​ការជំរុញ​ទំនាក់ទំនង​អំឡុងពេល​មាន​វិបត្តិ

ចែករំលែក៖

អន្តរជាតិ៖ លោក ម៉ាក អេ​ស្ពើ​(Mark Esper) រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បាន​អះអាងកាលពីថ្ងៃទី​២១ ខែកក្កដាថ្មីៗនេះថា ខណៈដែល​មហាអំណាច​ប្រទេសទាំងពីរ​ កំពុងមាន​បញ្ហា​ប្រទាំង​ប្រទើស​លើ​ភូមិសាស្ត្រ​នយោបាយ និង​វិបត្តិ​ជំងឺ​សាកល​ជាដើមនោះ លោក​គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន ដើម្បី​ជជែក​គ្នា​ពី​ការជំរុញ​ទំនាក់ទំនង​អំឡុងពេល​មាន​វិបត្តិទាំងនេះ ។

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ បានចេញផ្សាយថា ការអះអាងរបស់លោករដ្ឋមន្ត្រី​ការពារជាតិ​អាមេរិករូបនេះ ធ្វើឡើងក្នុង​សុន្ទរកថាមួយ ​នៅ​វិទ្យាស្ថាន​អន្តរជាតិ​សិក្សា​យុទ្ធសាស្ត្រ (IISS) ដោយលោក បញ្ជាក់ថា នៅមុន​ដំណាច់ឆ្នាំ​២០២០ លោក​សង្ឃឹមថា នឹងធ្វើ​ទស្សនកិច្ច​ទៅ​ចិន ដើម្បី​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​ដ៏​សំខាន់​មួយ​ក្នុងការ​ឆ្លើយតប​លើ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ ដ៏​ដូចជា​ពង្រឹង​ការប្រកួតប្រជែង​ដោយ​ចំហរ​នៅក្នុង​ប្រព័ន្ធ​អន្តរជាតិ​។

​លោករ​ដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​ លើកឡើងបែបនេះស្របពេល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង កំពុងតែ​មើលមុខ​គ្នា​មិន​ចំ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហុងកុង កោះ​តៃវ៉ាន់ ពាណិជ្ជកម្ម COVID-19 និង​បញ្ហា​ជាច្រើន​ទៀត​។ ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​អេ​ស្ព័​រ បាន​ប្រាប់​ចិន​ថា អាមេរិក មិន​ចង់​បង្កជម្លោះ​អ្វី​ឡើយ ប៉ុន្តែ​ចិន​ក៏​មិនមាន​សិទ្ធិ ក្នុងការ​ក្រសោប​យក​ដែនទឹក​អន្តរជាតិ ដែលជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​(EEZ)​របស់​ប្រទេស​ដទៃ មក​ធ្វើជា​អាណាចក្រ​សមុទ្រ​ផ្ទាល់ខ្លួន​ដែរ​។

​គួរបញ្ជាក់ថា សមុទ្រ​ចិន​ខាងត្បូង គឺមាន​ភាគី​ជម្លោះ​ចំនួន​៥ ដូចជា​ចិន ម៉ាឡេស៊ី វៀតណាម ព្រុយ​ណេ និង​ហ្វីលីពីន​។ ចិន​ទាមទារ​ស្ទើរ​ទាំងស្រុង​ដែនសមុទ្រ​មួយ​នេះ ខណៈ​ប្រទេស​ផ្សេង​ទាមទារ​តំបន់​ដែល​នៅក្បែរ​ខ្លួន​ប៉ុណ្ណោះ​។ ចិន​បាន​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​ក្នុង​តំបន់​សមុទ្រ ពិសេស​ពង្រឹងសមត្ថភាព​យោធា​នៅតាម​កោះ​ដែល​គ្រប់គ្រង​។

​ក្រៅពី​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​ចិន ប្រមុខ​ការពារជាតិ​អាមេរិក ក៏បាន​បញ្ជាក់​ពី​ការគំរាមកំហែង​របស់​ចិន មកលើ​កោះ​តៃវ៉ាន់​ផងដែរ​។ បើតាម​លោក​អេ​ស្ព័​រ ក្នុងពេល​ថ្មីៗ​នេះ កងទ័ព​រំដោះប្រជាជន​ចិន បានធ្វើ​សមយុទ្ធ​យោធា​យ៉ាងខ្លាំង ក្នុង​គោលបំណង​វាយប្រហារ​លើ​កោះ​តៃវ៉ាន់​។ យ៉ាងណា​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក សង្ឃឹមថា បក្សកុម្មុយនិស្ត​ចិន នឹង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​ទៅលើ​តៃវ៉ាន់ ព្រោះ​អាមេរិក ក៏​កំពុង​ត្រៀមខ្លួន ដើម្បី​ទប់ស្កាត់​សកម្មភាព​វាយប្រហារ​របស់​ចិន​ដែរ​។

សូមជម្រាបថា កាលពីពេល​ថ្មីៗ​នេះ កងទ័ពចិន បានធ្វើ​សមយុទ្ធ​យោធា​មួយ​ក្បែរ​ប្រជុំ​កោះ Paracel នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ហេតុការណ៍​នេះ ធ្វើ​ឲ្យ​ក្រសួងការពារជាតិ​អាមេរិក រិះគន់ថា ចិន​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់​មួយកម្រិត​ទៀត​។ ដើម្បី​ទប់ស្កាត់​ការ​អុង​អាត់​របស់​ចិនសហរដ្ឋអាមេរិក ក៏បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ចំនួន​ពីរ​គ្រឿង​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បង្ហាញ​សាច់ដុំ​វិញ​ម្តង​។ ដោយសមយុទ្ធ​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ​គោលការណ៍ «​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក សេរី និង​បើកចំហរ​»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print