សារព័ត៌មានFox News បានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានបញ្ជាក់ថា លោកបានត្រៀមលក្ខណៈ ជាអ្នកដំបូងគេ នៅអាមេរិក ក្នុងការធ្វើតេស្តចាក់វ៉ាក់សាំងបង្ការ កូវីដ១៩ ក្រោយការផលិតរួចរាល់ ។
នៅក្នុងការសន្ទនាជាមួយ គ្រូពេទ្យMarc Siegel ដែលកំពុងតែបំពេញការងារជាអ្នកប្រឹក្សាសុខភាព លើបណ្តាញទូរទស្សន៍Fox News អាមេរិក ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា លោក បានត្រៀមលក្ខណៈ ក្លាយជាអ្នកសាកល្បង់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដំបូងគេ ឬ ជាអ្នកចុងក្រោយ ក្រោយអាមេរិក ផលិតរួចរាល់នៅវ៉ាក់សាំងនេះ។
កន្លងមក ប្រធានាធិបតីដូណាល់ ត្រាំ បានសារភាពថា ស្ថានភាពនៃការឆ្លងរាលដាលកូវីដ ១៩នៅអាមេរិក នឹងកាន់តែអាក្រក់ជាងនេះ ហើយលោកក៏បានអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់គម្លាតសង្គម និងពាក់ម៉ាស់នៅទីសាធារណៈ។ ប្រធានាធិបតីដូណាល់ត្រាំបានលើកឡើងទៀតថា នៅចុងខែកក្កដានេះ និងមានវ៉ាក់សាំងពីរប្រភេទ របស់អាមេរិក ក្នុងការប្រឆាំងកូវីដ ១៩ឈានដល់ដំណាក់កាលចុងក្រោយនៃការសាកល្បង ។
តាមតួលេខរបស់គេហទំព័រworldometers.info គិតដល់វេលាម៉ោង៧យប់ថ្ងៃទី២៣ខែកក្កដា ចំនួនអ្នកឆ្លងនៅលើពិភពលោកមានដល់ទៅ 15.341.253 នាក់ និងស្លាប់625.077 នាក់ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយដល់ទៅ9.327.811 នាក់ផងដែរ ។ អាមេរិកឈរលំដាប់លេខមួយក្នុងចំណោមទាំង២១៣ ប្រទេសមានករណីឆ្លងកូវីដ១៩ ។ បច្ចុប្បន្នអាមេរិកមានអ្នកឆ្លងដល់ទៅ 4,102,105 និងស្លាប់146,199នាក់៕