អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson វិល​ចូល​សង្វៀន​ប្រដាល់​វិញនៅ​ថ្ងៃទី​១២ ខែកញ្ញា ​ត្រូវ​ប៉ះ​អតីត​ម្ចាស់​ខ្សែក្រវាត់​៤​ស្ថាប័ន Roy Jones Jr.

ចែករំលែក៖

អន្តរជាតិ៖ គណៈកម្មការ​រៀបចំ​កីឡាប្រដាល់​ នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋ​អាច​មេ​រិ​ក​ បានសម្រេច​ឲ្យ​ការប្រកួតរវាង ​Mike Tyson អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក វិល​ចូល​សង្វៀន​ប្រដាល់​វិញ​ ដោយ​ត្រូវ​ប៉ះ​អតីត​ម្ចាស់​ខ្សែក្រវាត់​៤​ស្ថាប័ន Roy Jones Jr មាន​ចំនួន ៨​ទឹក និង​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ដោយមាន​ការបង់ប្រាក់ ។ ដោយការប្រកួត​នេះ ដើម្បី​សប្បុរសធម៌​មួយ​នៅ​ទឹកដី​អាមេរិក​ គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែកញ្ញាខាងមុខនេះ នៅ​ទីក្រុង Los Angeles​។​

សូមជម្រាបថា អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson ដែល​សព្វថ្ងៃ​ឈានចូល​ដល់​វ័យ ៥៤ ឆ្នាំ ធ្លាប់​ទទួលបាន​ការចាប់​អារម្មណ៍​ពី​ពិភព​ប្រដាល់​កាលពី​ខែឧសភា​ព​កន្លងទៅ​បន្ទាប់ពី​រូបគាត់​បោះពាក្យ​ថា គ្រោង​នឹង​ពាក់​ស្រោមដៃ​ប្រដាល់​ឡើងវិញ​សម្រាប់​យុទ្ធនាការ​សប្បុរសធម៌​មួយ​ដើម្បី​រៃអង្គាសប្រាក់​។ ខ្សែ​វីដេអូ​ថ្មី​បំផុត​ដែល​បាន​បង្ហោះ​នោះ Tyson បាន​ស្រែក​ខ្លាំងៗ​ អំឡុងពេល​ហ្វឹកហាត់​ដើម្បី​បង្ហាញ​ពី​ថាមពល​ដ៏​សាហាវ​ដែល​មើលទៅ​គួរ​ឲ្យ​ខ្លាច​បំផុត​ ។

​មិនតែប៉ុណ្ណោះអតីត​កីឡាករ​ប្រដាល់​សញ្ជាតិ​អាមេរិករូបនេះ បាន​ក្លាយជា​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​វ័យក្មេង​ដំបូង​គេ​ត្រឹម​វ័យ​២០​ឆ្នាំ ដោយ​អាច​ក្តោប​បាន​ខ្សែក្រវាត់​ពិភពលោក WBA, WBC និង IBF​ ។ Tyson បានបង្ហាញខ្លួន​លើស​ង្វៀន​ចុងក្រោយ​ក្នុង​អាជីព​នៅ​ឆ្នាំ ២០០៥ នៅពេល​ចាញ់​កីឡាករ​អៀរ​ឡង់ Kevin McBride ដោយ​សន្លប់​ក្នុង​ទឹក​ទី ៦​។

​ចំណែកប្រវត្តិ​ប្រកួត​ចំនួន​៥៨​ដង​របស់ Mike Tyson គឺ​ឈ្នះ​៥០​ដង ចាញ់​៦ និង​មិនមាន​ការប្រកាស​លទ្ធផល​ផ្លូវការ​២​លើក​។​

​ដោយឡែក​ដៃគូរបស់ Tyson ដែលជា​មិត្ត​រួម​ជាតិ​អាមេរិក លោកRoy Jones សព្វថ្ងៃ​ក៏បាន​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាប្រដាល់​នេះហើយ​ដែរ​។ អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៤​ស្ថាប័ន​ផ្សេងគ្នា វ័យ​៥១​ឆ្នាំ​រូបនេះ​ ក៏បានបញ្ចប់​អាជីព​របស់ខ្លួន ក្រោយ​ផ្តួល​កីឡាករ Scott Sigmon នា​ខែកុម្ភៈ ឆ្នាំ​២០១៨មកម្លេះ ​។​

គួរបញ្ជាក់ថា Jones ដែលមាន​ប្រវត្តិ​ប្រកួត​៧៥​ដង ឈ្នះ​៦៦​ដង ចាញ់​៩​ដង ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៤៧​លើក ធ្លាប់​ដណ្តើមបាន​ខ្សែក្រវាត់​ពិភពលោក​លើ​ប្រភេទ​ទម្ងន់ Middleweight, Super-Middleweight, Light-Heavyweight និង Heavyweight អំឡុងពេល​ប្រកប​អាជីព​ប្រដាល់​នេះ​រយៈពេល​៣០​ឆ្នាំ​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print