បុរសម្នាក់ ផឹកស៉ីជាមួយមិត្តភក្តិ ស្រាប់តែបាត់មួយថ្ងៃ ត្រូវកម្មករប្រទះឃើញសាកសព សង្ស័យករណីឃាតកម្ម

ចែករំលែក៖

ខេត្តរតនគិរី៖ កម្មករក្រុមហ៊ុនហ័ងអាន់យ៉ាឡាយ បានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្នុងចម្ការចេក ស្ថិតក្នុងស្ថានភាពរងរបួសពេញមុខនិងដងខ្លួនដោយមានស្នាមមុខកាំបិតនិងដំបង សង្ស័យជាអំពើឃាតកម្ម។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០ត្រង់ចំណុចការដ្ឋានទីពីរក្នុងក្រុមហ៊ុនហ័ងអាន់យ៉ាឡាយ ស្ថិតនៅក្នុងឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី​ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញខេត្តរួមសហការជាមួយកម្លាំងអធិការដ្ឋានស្រុកកូនមុំនិងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំសិរីមង្គល បានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសព។

ប្រភពបន្តថា បើតាមតាមការពិនិត្យសាកសពសមត្ថកិច្ចបានសន្និដ្ឋានថាជាករណីឃាតកម្មដោយវាយនឹងដំបងកាប់នឹងកាំបិតហើយមានស្លាកស្នាមអារ.កនិងវះមុខជាច្រើនកន្លែងទៀតផង។​

តាមការស្រាវជ្រាវនិងសាកសួរបំភ្លឺជុំវិញរឿងហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៨យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ គឹម សារឿន ហៅតុង ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មាន ស្រុកកំណើតនៅភូមិទ្រន់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានមកផឹកសុីជាមួយជនសង្ស័យឈ្មោះ បាក់ ណាន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបឹងកំពត ឃុំ បន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង។ ក្រោយពីផឹកសុីរួចនៅម៉ោងប្រហែល១០យប់ បានបបួលគ្នាទៅរកឆ្លុះកង្កែប ហើយក៏បានបាត់តាំងពីពេលនោះរហូតមក។ លុះដល់ម៉ោង៣ រសៀលថ្ងៃដដែលទើបគេទទួលបានព័ត៌មានថាមានកម្មករបានប្រទះឃើញសាកសពនោះតែម្តង។

ប្រភពបានបន្តទៀតថា ក្រោយសមត្ថកិច្ចចុះទៅដល់ហើយពិនិត្យធ្វើកោសល្យវិច័យរួចរាល់ក៏បានប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ ឯជនសង្ស័យនោះទើបតែមកធ្វើកម្មករបានចំនួន១០ថ្ងៃប៉ណ្ណោះហើយស្នាក់នៅក្នុងផ្ទះជាមួយជនរងគ្រោះដែរត្រូវបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗក្រោយកើតហេតុ។

ក្រោយកើតហេតុវត្ថុតាង ដែលបន្សល់ទុកកន្លែងកើតហេតុរួមមាន៖ ស្បែកជើងពីរគូ កាំបិតសតូចចុងស្រួចមួយ ដំបងឈើ ២កំណាត់ មានប្រឡាក់ឈាមជាប់នៅតិចៗ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងតែបន្តធ្វើការស្រាវជ្រាវនិងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print