ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យទីតាំងកន្លែងព្យាបាលអ្នកជំងឺកូវីដ ខណៈអ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជាកើនឡើង និងរកឃើញអ្នកឆ្លងកូវីដ១៩ ជាបន្តបន្ទាប់ នៅមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។
ទោះអ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជាកាន់តែច្រើន ក៏មន្ដ្រីសុខាភិបាលយើង នៅតែខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការទប់ស្កាត់ និងចាប់ឱ្យជាប់អ្នកកូវីដ-១៩ ពីក្រៅប្រទេសមកព្យាបាល និងអ្នកមិនឈឺ ទៅចត្ដាឡីស័កតាមដានបន្ដ ដើម្បីប្រាកដប្រជាថាគ្មានកូវីដ-១៩។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបែបនេះ ខណៈលោកចុះពិនិត្យផ្ទាល់ជាមួយក្រុមការងារ។
លោករដ្ឋមន្ត្រីបានបន្តថា៖ ជាងនេះទៅទៀត រាល់អ្នកមកពីក្រៅប្រទេសទាំងអស់ គឺត្រូវបានពិនិត្យធ្វើតេស្ដ តាមដានឱ្យជាប់ មិនរំលងនរណាម្នាក់ឡើយ ដើម្បីទប់មិនឱ្យចម្លងបន្ដទៅអ្នកផ្សេង។
លោករដ្ឋមន្ដ្រីបន្ដអំពាវនាវ នៅតាមសហគមន៍ត្រូវតែបន្ដប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះខ្លួនឯង ជាពិសេសចំពោះអ្នកចត្ដាឡីស័ក ត្រូវតែប្រាកដប្រជាថា ខ្លួនបានគោរពនូវវិន័យចត្ដាឡីស័ក ដោយនៅដាច់ដោយឡែក មិនត្រូវជួបជុំជាមួយក្រុមគ្រួសារ និងមិត្ដភ័ក្រជិតខាងនោះឡើយ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបទាំអស់ ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ១៤៣នាក់ (ស្រី ៣៩នាក់ និងបុរស១០៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋមានចំនួន ៨០នាក់ (ស្រី ៥នាក់ និងបុរស ៧៥នាក់) ។ ជាមួយគ្នានេះអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក ២នាក់ កំពុងសម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិក៕
ដោយ៖ សិលា