ភ្នំពេញ ៖ ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ រឹបអូសគ្រឿងញៀនជាង១គីឡូក្រាម នៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន។
ពាក់ព័ន្ធក្នុងករណីនេះ មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះថា ៖ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣៖៣០នាទីរសៀល កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងចូលរួមដឹកនាំសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបក្រុមមុខសញ្ញាជនជាតិកូរ៉េខាងត្បូង ជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ នៅចំណុចមុខអាផាតមិនវីសឌឹម (WISDOM APARTMENT) អគារលេខ១៦ ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្តទៅឆែកឆេរបន្ទប់ 3D ក្នុងអាផាតមិន WISDOM APARTMENT និងបន្ទប់លេខ F1 E12 ជាន់ទី១២ អផាតមិន DIAMOND HOME1 ដែលបានជួលស្នាក់នៅ។
មន្ត្រីដដែលបញ្ជាក់ថា ចំពោះលទ្ធផលដែលបង្ក្រាបបានរួមមាន៖ ចាប់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ SONG MIN SOO ភេទប្រុស កើតឆ្នាំ១៩៦១ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M717071112 មានដីកាស្វែងរកចាប់ខ្លួនរបស់នគរបាលអន្តរជាតិ (និវេទន៍ក្រហម) និង ឈ្មោះ CHOI MIN YOUNG ភេទប្រុស កើតឆ្នាំ១៩៧០ ជនជាតិកូរ៉េ។
តាមរបាយការណ៍វត្ថុតាងដែលចាប់យកបានរួមមាន៖ ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ជាង១៣៨៩.៥៣ក្រោម, រថយន្ត១គ្រឿង, ទូរស័ព្ទ៣គ្រឿង និងជញ្ជីងថ្លឹង២គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ និងលាក់បង្កប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង័្សយព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បានបញ្ជូនមកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធី និងបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ៕
ដោយ៖ សិលា