អគ្គស្នងការរងនគរបាលជាតិថ្លែងថា៖ នឹងមានវិធានការរឹតបន្តឹងក្រុមអ្នករត់ម៉ូតូកង់បីដឹកភ្ញៀវទេសចរណ៍កំសាន្ត

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងមានវិធានការរឹតបន្តឹងទៅលើក្រុមអ្នករត់ម៉ូតូកង់បីក្នុងគោលបំណងគ្រប់គ្រងឲ្យមានលក្ខណៈរបៀបរាបរយល្អប្រសើរ ជាពិសេសម៉ូតូកង់បីដែលដឹកជញ្ជូនភ្ញៀវទេសបរទេសដំណើរកំសាន្តក្នុងរាជធានីភ្នំពេញឲ្យមាន លក្ខណៈដូចគ្នាដូចខេត្តសៀមរាប។

IMG-20160129-WA0007

នេះបើយោងតាមការលើកឡើងរបស់លោកឧត្តម សេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិដែលបានថ្លែងនៅក្នុងពិធីប្រជុំ ការងារប្រចាំឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦របស់នាយកដ្ឋាននគរបាលទេសចរណ៍ក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ។

លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងដដែលថ្លែងបន្តថា ការរឹតបន្តឹងទៅលើ ក្រុមអ្នករត់ម៉ូតូកង់បីទាំងនោះ គឺយើងតម្រូវឲ្យអ្នករត់ម៉ូតូកង់បីគាត់មានសម្លៀកបំពាក់ ឯកសណ្ឋានឲ្យបានសមរម្យ និងកំណត់អត្តសញ្ញាណពួកគាត់។ យើងធ្វើបែបនេះពី ព្រោះកន្លងមកមានក្រុមអ្នករត់ម៉ូតូកង់បីមួយចំនួនគាត់បានធ្វើសកម្មភាពខុសច្បាប់បង្ក ការប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍បរទេសដូចជា៖ មានការជំរឹតទារថ្លៃសេវា ដឹកជញ្ជូនពីភ្ញៀវបរទេសក្នុងតម្លៃហួសហេតុ និងខ្លះទៀតគាត់ដឹកភ្ញៀវទេសចរណ៍ទៅ ឲ្យក្រុមឆក់ ប្លន់ រួមគ្នាធ្វើសកម្មភាពល្មើសច្បាប់ ឬដឹកភ្ញៀវទេសចរណ៍បរទេសទៅប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ដូចជានាំគ្នាគៀបស៊ីកោរភ្ញៀវជាដើម។ ទាំងនេះហើយវា បានធ្វើឲ្យប៉ះពាល់ដល់អ្នករត់ម៉ូតូកង់បីដែលគេរកស៊ីប្រកបរបរត្រឹមត្រូវ។

ដោយឡែកលោកឧត្តមសេនីយ៍ឯក ញាណ វិបុល ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ក្រសួងមហាផ្ទៃក៏បានថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតថា តាមផែនការនឹងមានការរៀបចំអ្នករត់ម៉ូតូកង់បីនៅក្នុងរាជធានីភ្នំពេញដែលមានភាពស្មុគស្មាញខ្លាំងជាងខេត្តសៀមរាប សំដៅធ្វើយ៉ាងណាផ្តល់ទំនុកចិត្តឲ្យរាជធានីទាក់ទាញ ភ្ញៀវទេសចរណ៍បរទេសច្រើនដូចខេត្តសៀមរាប។

ជាមួយគ្នានេះផងដែរ លោក នឹម សុវណ្ណ អគ្គនាយករងរដ្ឋបាល​និងហិរញ្ញវត្ថុក្រសួងទេសចរណ៍ក៏បានបញ្ជាក់បន្ថែមថា តួលេខភ្ញៀវទេសចរនៅក្នុងឆ្នាំ២០១៥មានចំនួនប្រមាណជាង៤លាន៧៨ម៉ឺននាក់កើនឡើងជាង៦% បើប្រៀបធៀបនឹងឆ្នាំ២០០៦ កន្លងមកនេះ។ លោកបន្តថា នៅក្នុងកំណើនភ្ញៀវទេសចរណ៍បរទេសនេះដែរ គឺបាន បង្កើតមុខរបរជូនប្រជាពលរដ្ឋយើងប្រមាណជាង៦០ម៉ឺននាក់ និងផ្តល់ការងារជូនប្រជា ពលរដ្ឋដោយប្រយោលជាច្រើននាក់ទៀតផងដែរ ហើយពិសេសបានផ្តល់ចំណូលចូល កម្ពុជាប្រមាណជា៣០០០លានដុល្លាអាមេរិកឯណោះ៕

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print