ខេត្តកណ្ដាល៖ បុរសវ័យចំណាស់ម្នាក់បានសម្រេចចិត្ដចង.កបញ្ចប់ជីវិតនៅដើមឆ័ត្រក្នុងបរិវេណមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅទាំងដៃជាប់សេរ៉ូមនៅឡើយ ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យប្រទះឃើញនៅលើដើមឆ័ត្រកំពស់ប្រមាណ៣ម៉ែត្រក្នុងបរិវេណមន្ទីរពេទ្យ ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដកណ្ដាល កាលពីវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចក់ ចន្ថា អាយុ៥៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះជាមនុស្សមានជំងឺ ប្រចាំកាយ(ជំងឺក្រពះនិង តំរងនោម) មុនពេលកើតហេតុ ជនរងគ្រោះត្រូវបានស្ត្រីជាប្រពន្ធឈ្មោះ ហម យឿន អាយុ៥៧ឆ្នាំ និងកូនៗបញ្ចូនទៅសង្គ្រោះនៅគ្លីនិកឯកជនអស់រយៈពេលជាច្រើនថ្ងៃនៅតែមិនជាសះស្បើយ ។ បន្ទាប់មកក្រុមគ្រួសារក៏បាន សម្រេចបញ្ចូនជនរងគ្រោះមកព្យាបាលជំងឺនៅមន្ទីរពេទ្យជ័យជំនះ ក្រោយពីព្យាបាលបានប៉ុន្មានថ្ងៃជនរងគ្រោះនៅតែមិនមានអការៈធូរស្បើយ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ប្រមាណ២ទៅ៣ថ្ងៃជនរងគ្រោះបាននិយាយរអូរទាំប្រាប់កូនៗថា(បើពិបាកយ៉ាងនេះ ពុកចង់តែយកក្បាលបោកឲ្យស្លាប់នោះទេ) ។ ពេលឮដូច្នេះកូនៗ បាននាំគ្នានិយាយលួងលោមបុរសជាឳពុកកុំអោយគិតច្រើនស្រាប់តែមកដល់ថ្ងៃកើតហេតុជនរងគ្រោះបានគិតខ្លីចង.កស្លាប់តែម្ដង ។ ជនរងគ្រោះត្រូវបានគ្រូពេទ្យនិងនគរបាលបច្ចេកទេស-វិទ្យាសាស្ត្របញ្ជាក់ថា ពិតជាស្លាប់ដោយចង.កធ្វើអត្ដឃាតសម្លាប់ខ្លួនឯងប្រាកដមែន ។
ក្រោយមកសមត្ថកិច្ចនគរបាលបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋានក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ៕
...
ដោយ៖ ស្អាងជ័យ