Manchester United និង Chelsea មានកៅអីក្នុងក្របខ័ណ្ឌ Champions League ក្រោយឈ្នះគូប្រកួតថ្ងៃបិទរដូវកាល

ចែករំលែក៖

កីឡាអន្តរជាតិ៖ក្រុមបិសាចក្រហម Manchester United និងក្រុមតោខៀវ Chelsea បានឈ្នះគូប្រកួតរៀងៗខ្លួនកាលពីយប់មុិញ ដែលជាការប្រកួតបិទបញ្ចប់រដូវកាល២០១៩-២០២០ ដោយទទួលបានកៅអីទៅលេងនៅក្របខ័ណ្ឌកំពូល Champions League រដូវកាលក្រោយ។

ក្រុមបិសាចក្រហមបានយកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City ជាមួយនឹងជ័យជម្នះ ២ទល់០ នៅឯកីឡដ្ឋាន King Power ក្រុមរបស់លោក Ole Gunnar Solskjaer ធ្វើបានល្អដោយគ្រប់គ្រងបាល់រហូតដល់៥៤ភាគរយទៅលើក្រុមម្ចាស់ផ្ទះ។ នៅតង់ទី១ក្រុមទាំង២មិនមានគ្រាប់បាល់បញ្ចូលទីទេ ដោយមានឱកាសរកគ្រាប់បាល់ដូចគ្នា ប៉ុន្តែក្រុមភ្ញៀវបិសាចក្រហមគ្រប់គ្រងបាល់ច្រើនជាង។

ចូលដល់តង់ទី២ក្រុមទាំង២នៅតែមានឱកាសដូចគ្នា ប៉ុន្តែនៅនាទីទី៧១ ខ្សែប្រយុទ្ធ Anthony Martial បានព្យាយាមអូសបាល់ចូលក្នុងតំបន់ប៉េណាល់ទីក៏ត្រូវកីឡាករក្រុម Leicester ២រូបគឺ Wes Morgan និង Jonny Evansកៀបបណ្តាលឲ្យដួល ហើយអាជ្ញាកណ្តាលឲ្យបាល់ប៉េណាល់ទីទៅក្រុមបិសាចក្រហម ដែលជាការស៊ុតបាល់ដោយកីឡាករខ្សែបម្រើប្រយុទ្ធ Bruno Fernandes ធ្វើឲ្យក្រុមភ្ញៀវនាំមុខ១គ្រាប់។

ចូលដល់នាទីទី៩០ជិតចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធទើបដូរកីឡាករ Jesse Lingard រកបាន១គ្រាប់ទៀត ដែល១គ្រាប់នេះគឺជាកំហុសរបស់អ្នកចាំទីក្រុម Leicester ធ្វើឲ្យ Lingard ឆ្មក់យកបាល់ពីជើងអ្នកចាំទី ហើយស៊ុតចូលយ៉ាងស្រួលតែម្តង ធ្វើឲ្យក្រុមបិសាចក្រហមយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២ទល់០។ លទ្ធផលនេះធ្វើឲ្យបិសាចក្រហមឡើងឈរចំណាត់ថ្នាក់លេខ៣ប្រចាំរដូវកាលនេះ។ លទ្ធផលនេះធ្វើឲ្យក្រុម Leicester City ទទួលបានចំណាត់ថ្នាក់លេខ៥បានកៅអីនៅក្នុងក្របខ័ណ្ឌ Europa League រដូវកាលក្រោយ។

ដោយឡែកក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានយកឈ្នះទៅក្រុម Wolverhampton Wanderers ក្នុងលទ្ធផល២ទល់០ដែរដែល១គ្រាប់រកបានដោយកីឡាករ Mount នៅនាទីទី៤៥+១ និង១គ្រាប់ទៀតរកបានដោយកីឡាករ Giroud នៅនាទីទី៤៥+៤។

លទ្ធផលនេះធ្វើឲ្យក្រុមតោខៀវ Chelsea ឈរចំណាត់ថ្នាក់លេខ៤ក្នុងរដូវកាលនេះ ដែលមានកៅអីទៅលេងក្របខ័ណ្ឌ Champions Leagueជាមួយ៣ក្រុមផ្សេងទៀតគឺហង្សក្រហម Liverpool, មេឃខៀវ Man City និងក្រុមបិសាចក្រហម Man United។​

សូមបញ្ជាក់ថា ទោះបីក្រុម Leicester City មិនបានលេងChampions League រដូវកាលក្រោយក្តី ប៉ុន្តែខ្សែប្រយុទ្ធ Jame Vardy ទទួលបានស្បែកជើងមាសក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League ដោយមាន២៣គ្រាប់

https://youtu.be/z-HK1ND–Xw

https://youtu.be/ta_j56Jp2zA

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print