ភ្នំពេញ៖ សិស្សស្រីម្នាក់បានរងរបួសធ្ងន់រហូតដល់ស្លាប់ពេលកំពុងសង្គ្រោនៅមន្ទីរពេទ្យកាលម៉ែត ខណៈដែលរថយន្តដឹកទំនិញប្រភេទកូរ៉េ១គ្រឿងបាន បើកចុះពីលើស្ពាន៧មករា ក៏ដាច់ហ្វ្រាំង ធ្វើឲ្យអ្នកបើកបររថយន្តភ័យ បានលោតចេញពីរថយន្តដោយមិនគិតពីគ្រោះថ្នាក់ដល់អ្នកដទៃ បានធ្វើឲ្យរថយន្តបង្កនោះរអិលចុះពីលើស្ពានមកក្រោមបុករះ ទាំងកំរោល និងម៉ូតូ១គ្រឿង រួមនិងរថយន្ត២គ្រឿងទៀតបានរងការខូចខាតយ៉ាងដំណំ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចស្ពាន៧មករា (ពេទ្យលោកសង្ឃ) ស្ថិតតាមផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តបង្កប្រភេទកូរ៉េដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-6862 ចំណែកឯអ្នកបើកបរមិនត្រូវស្គាល់អត្តសញ្ញាណ ។ ចំណែកឯជនរងគ្រោះឈ្មោះសិម ស្រីភក្រ័ អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជិះម៉ូតូ១គ្រឿងម៉ាក Today ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DB-2964 (របួសធ្ងន់រហូតដល់ស្លាប់ពេលកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត )។ រីឯរថយន្ត២គ្រឿងដែលរងការខូចខាតនោះទី១ ម៉ាកតាកូម៉ា ពាក់ស្លាកលេខភ្នំពេញ2E-2151 និងទី២ ម៉ាក់កូរ៉េ ពណ៍ស ពាក់ស្លាក់លេខភ្នំពេញ 2AA-4052 ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កបានបើកលើស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចមកកើត លុះបើកមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបើកចុះពីលើស្ពានមិនដឹងជាយ៉ាងម៉េច ក៏រថយន្តបង្កដាច់ហ្វ្រាំងរអិលនិងធ្វើអោយអ្នកបើកបរភ័យបានលោតចេញពីរថយន្ត ក៏បុករះម៉ូតូនិងរថយន្តទាំងកំរោលតែម្តង ។
ក្រោយកើតហេតុប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវបានឃើញហេតុការណ៍នោះខឹងសម្បារអ្នកបើកបររថយន្តបង្ក ក៏នាំគ្នាដេញចាប់បានរួចវាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង ។ ចំណែកឯក្មេងស្រីរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរកាលម៉ែតភ្លាមៗ តែដោយសារតែរបួសធ្ងន់ធ្ងរពេក រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃទី២៩ដដែរ ក៏បានស្លាប់បាត់បង់ជីវិតហើយ ។
បច្ចុប្បន្ន បុរសដែលបើករថយន្តបង្កត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមនីតិវិធី ៕


...
ដោយ៖ ស ដារ៉ា