ភ្នំពេញ៖នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ ត្រូវបានលោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោរវ័យក្មេង៣នាក់ ដែលលួចលុយតាម Wing វេរលុយ សម្រេចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ។
តាមប្រភពព័ត៌មាន គឺ ចោរវ័យក្មេងទាំង៣នាក់ នេះ ត្រូវបានចោទប្រកាន់ ពីបទ «លួចមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលអំឡុងដើមខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា៣៥៣និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។
ចោរវ័យក្មេងទាំង៣នាក់ នេះ មានឈ្មោះ ឈ្មោះ ប៊ុត បញ្ញា អាយុ៣៣ឆ្នាំ ជាមេក្លោង ឈ្មោះ យន្ត ពិភព អាយុ១៧ឆ្នាំ ជាអ្នកដកលុយ និង ឈ្មោះ យស់ ពិទូ អាយុ២០ឆ្នាំ ជា អ្នកដកលុយ ។
ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆបោក និងលួចប្រាក់តាមប្រព័ន្ធ Wing ប្រាកដមែន ដោយប្រើវិធីលួចយកលេខកូដសម្ងាត់ពីអតិថិជន តាមរយៈ បណ្តាញសង្គមដោយក្លែងបន្លំគណនីហ្វេសប៊ុក អ្នកលក់អនទ្បាញ ហើយបានទូរស័ព្ទទៅអតិថិជននោះ ដើម្បីបានទទួលលេខកូដសម្ងាត់វីង និងវិធីមួយទៀតគឺចូលបន្លំខ្លួនធ្វើជាអតិថិជន នៅតាមភ្នាក់ងារវេរលុយ លួចថតលេខកូដសម្ងាត់អតិថិជនផ្សេងទៀតដែលកំពុងតែវេលុយ។
ក្រោយពីបានលេខកូដសម្ងាត់ និងលេខទូរស័ព្ទដែលត្រូវវេលុយរួចហើយឈ្មោះ ប៊ុត បញ្ញា បានប្រើប្រាស់កម្មវិធីមួយ ហើយឲ្យឈ្មោះ យន្ត ពិភព និងឈ្មោះ យស់ ពិទូ ទៅបើកប្រាក់តាមភ្នាក់ងារវេលុយវីង។ ពេលភ្នាក់ងារវេលុយពិនិត្យលេខទូរស័ព្ទឆែកមិនឃើញលេខជនឆបោកទេ តែបែរជាឃើញលេខអ្នកទទួលពិតប្រាកដទៅវិញ ៕
ដោយ៖ចេស្តា