សមាគមបាល់ទាត់ប្រទេសអ៊ុយក្រែន (UAF) បានប្រកាសថា លោក Anton Hudaev ដែលជាវេជ្ជបណ្ឌិតរបស់ក្រុមជម្រើសជាតិអ៊ុយក្រែនបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងអាយុ៤៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារនេះ។
សមាគមបាល់ទាត់ប្រទេសអ៊ុយក្រែនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងនាមជាប្រធានសហព័ន្ធបាល់ទាត់អ៊ុយក្រែនលោក Andriy Pavelka និងក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិលោក Andriy Shevchenko និងក្រុមជម្រើសជាតិបាល់ទាត់អ៊ុយក្រែនទាំងមូលសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់គាត់” ។
មន្ត្រីសុខាភិបាលអ៊ុយក្រែនបានប្រកាសថា លោក Anton Hudaev បានឆ្លងជំងឺកូវីដ-១៩នេះតាំងពីដើមខែមីនាមកម្ល៉េះ ដោយស្ថានភាពអាការៈរបស់លោកមិនធូរស្រាល ហើយបានឈានដល់ដំណាក់កាលចុងក្រោយតែម្តង។ សម្រាប់អ្នកដែលប៉ះពាល់ និងពាក់ព័ន្ធជាមួយលោក Anton Hudaev ខាងមន្ត្រីសុខាភិបាលកំពុងតាមដាន និងដាក់ឲ្យនៅដាច់ដោយឡែកដើម្បីចៀសវាងការឆ្លងរាលដាលបន្តទៀត ។
សូមបញ្ជាក់ថា លោក Anton Hudaev ក៏ជាវេជ្ជបណ្ឌិតរបស់ក្លិប Metalist Kharkiv ក្នុងប្រទេសអ៊ុយក្រែនផងដែរ។ បច្ចុប្បន្នប្រទេសអ៊ុយក្រែនមានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩នៅទូទាំងប្រទេសជាង ១.៦០០នាក់ ហើយករណីឆ្លងបានកើនឡើងជិត៦៥.០០០នាក់ ៕