ភ្នំពេញ៖ ក្នុងរយៈពេល១ខែនេះ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថានបានប្រគល់ថវិកាសរុបចំនួន ១៦៣.៩០០.០០០រៀល(មួយរយហុកសិបបីលានប្រាំបួនរយពាន់រៀលគត់) ឧបត្ថម្ភដល់មន្ត្រីរាជការ ចំនួន៤០រូបមកពីទីស្តីការក្រសួង និងមន្ទីរបរិស្ថានចំនួន១៥មន្ទីរ តាមរយៈក្រុមការងារទទួលបន្ទុករួមការងារស្ត្រី យុវជន យេនឌ័រ និងកុមារក្នុងវិស័យបរិស្ថាននៅថ្នាក់ខេត្ត ដែលបានធ្វើការប្រគល់ផ្ទាល់នូវថវិកាឧបត្ថម្ភ ជូនមន្ត្រីក្នុងមន្ទីរសាមីរបស់ខ្លួន ដោយក្នុងនោះរួមមានមន្រ្តីសម្រាលបុត្រចំនួន១១រូប មន្ត្រីរៀបអាពាហ៍ពិពាហ៍ចំនួន២១រូប មន្ត្រីទទួលមរណៈភាពចំនួន០១រូប និងមន្ត្រីមានជំងឺ និងជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារ ចំនួន០៧រូប។
មន្ទីរទាំង១៥ រួមមាន មន្ទីរបរិស្ថានរាជធានីភ្នំពេញ សៀមរាប បាត់ដំបង ព្រះវិហារ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង រតនគិរី កោះកុង តាកែវ បន្ទាយមានជ័យ កំពង់ធំ មណ្ឌលគិរី កំពត និងប៉ៃលិន។
សូមបញ្ជាក់ថា៖គោលនយោបាយគាំពារមន្រ្តីរាជការក្រសួងបរិស្ថាន មានគោលការណ៍ជួយឧបត្ថម្ភដល់មន្រ្តីរៀបអាពាហ៍ពិពាហ៍ មន្ត្រីនារីសម្រាលបុត្រ មន្ត្រីទទួលមរណៈភាព មន្ត្រីមានជំងឺ និងជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារ មន្រ្តីមានជីវភាពខ្វះខាត និវត្តន៍ជន ការផ្តល់អាហារូករណ៍ដល់មន្ត្រី និងកូនមន្រ្តីមានជីវភាពខ្វះខាត និងចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពសង្គមជាច្រើនទៀត៕
ដោយ៖ សិលា