បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ចូល​ជា​ធរមាន​ជិត​មួយខែ​ រដ្ឋាភិបាលនូ​វែ​ល​សេ​ឡង់ សម្រេច​ផ្អាក​សន្ធិសញ្ញា​ជាមួយ​ហុងកុង

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសនូវែសេឡង់ លោក Winston Peters បានប្រកាសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុង បានចូលជាធរមានជិតមួយខែរដ្ឋាភិបាលនូវែសេឡង់ បានសម្រេចផ្អាកសន្ធិសញ្ញាជាមួយហុងកុង មិនតែប៉ុណ្ណោះលោករដ្ឋមន្ត្រីការបរទេសរូបនេះ បញ្ជាក់បន្ថែមថានូវែសេឡង់ អាចពិនិត្យលើកិច្ចព្រមព្រៀងនេះឡើងវិញ ប្រសិនបើចិនគោរពគោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធពីរ​» បានល្អ

សូមជម្រាបថាប្រទេសនូវែសេឡង់ ដែលជាប្រទេសជិតខាងអូស្ត្រាលី ក៏បានសម្រេចផ្អាកកិច្ចព្រមព្រាងបត្យាប័នជាមួយហុងកុងដែរ បើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសនូវែសេឡង់ លោក Winston Peters នូវែសេឡង់ មិនអាចទុកចិត្តប្រព័ន្ធយុត្តិធម៌របស់ហុងកុងបានឡើយថាតើវាឯករាជ្យគ្រប់គ្រាន់ពីចិនឬក៏អត់ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​

ក្នុងន័យនេះ លោកប្រមុខការទូតនូវែសេឡង់ ចង់បញ្ជាក់ថា ការដាក់ឲ្យអនុវត្តច្បាប់សន្តិសុខជាតិហុងកុង ពីសំណាក់ទីក្រុងប៉េកាំង គឺជាការបំផ្លាញគោលការណ៍នីតិរដ្ឋ និងគោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធពីរ​» របស់ហុងកុង យ៉ាងណាក៏ដោយ នូវែសេឡង់ អាចនឹងពិនិត្យមើលកិច្ចព្រមព្រៀងបត្យាប័នជាមួយហុងកុងឡើងវិញ ប្រសិនបើភាគីចិន បង្ហាញពីការគោរពគោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធពីរ​» នាពេលអនាគត

ក្រៅពីផ្អាកបត្យាប័ន លោក Peters ក៏បានអះអាងថែមទៀតថា នូវែសេឡង់ នឹងចាត់ទុកការនាំចេញសម្ភារយោធា បច្ចេកវិទ្យាដែលប្រើបានទាំងយោធា និងពាណិជ្ជកម្ម ទៅហុងកុង ឲ្យដូចនឹងការនាំចេញទំនិញទៅចិនដែរ យ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីមិនបានបញ្ជាក់ឲ្យបានលម្អិតនោះទេ

ទន្ទឹមនេះ នូវែសេឡង់ ក៏បានជូនដំណឹងទៅប្រជាជនខ្លួន ដែលកំពុងស្នាក់នៅហុងកុងផងដែរ ឲ្យប្រុងប្រយ័ត្នពីច្បាប់សន្តិសុខជាតិហុងកុង

គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិហុងកុង បានបង្កឲ្យមានបញ្ហាចម្រូងចម្រាស់យ៉ាងខ្លាំងទាំងនៅទឹកដីហុងកុង និងបរទេស បន្ទាប់ពីអូស្ត្រាលីកាណាដា និងចក្រភពអង់គ្លេស បានផ្អាកកិច្ចព្រមព្រៀងបត្យាប័នជាមួយហុងកុងរួចហើយ ក្រោមហេតុផងថា ច្បាប់នេះ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើបត្យាប័នជនសង្ស័យ និងអ្នកទោស ចំណែកអាមេរិកវិញ នាពេលកន្លងមក ប្រធានាធិបតីអាមេរិក ក៏បានចុះហេត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដែលបញ្ចប់ឋានៈពិសេសរបស់ហុងកុងដែរ

ទាក់ទងនឹងប្រទេសនូវែសេឡង់ ជាការឆ្លើយតប អគ្គរដ្ឋទូតចិនប្រចាំនៅនូវែសេឡង់ លោកស្រី Wu Xi បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងលើការវិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ លើសពីនេះ តំណាងចិនលើកឡើងថា ការផ្អាកកិច្ចព្រមព្រៀងបត្យាប័ននេះ គឺជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ បើតាមការអះអាងលោកស្រី Wu Xi នូវែសេឡង់ ត្រូវតែបញ្ឈប់សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន និងហុងកុងជាបន្ទាន់ បើមិនចង់ឲ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរកាន់តែខ្លាំងជាងមុន

សូមជម្រាបថាប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់នូវែសេឡង់ផងដែរ ដោយនៅក្នុងឆ្នាំ២០០៨ ប្រទេសទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគីពាណិជ្ជកម្មសេរី (FTA)​

បើតាមវេសាយរបស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មនូវែសេឡង់ ទំហំពាណិជ្ជកម្មរវាងចិន និងនូវែសេឡង់ មានចំនួន ៣០,ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៨ ក្នុងនោះ នូវែសេឡង់ នាំចេញទៅចេញទៅចិនក្នុងទំហំទឹកប្រាក់ ១៧,ពាន់លានដុល្លារ និងនាំចូលពីចិន ក្នុងទំហំទឹកប្រាក់១៣,ពាន់លានដុល្លារ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print