រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, លោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។

លោក វង្ស ប៊ុនវិសុទ្ធ អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ជំនួសលោក ច្រឹង ខ្មៅ ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមព្រះរាជក្រឹត្យ​លេខ នស/រកត/០៧២០/៧៦៩ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណ ជូនចំពោះលោក អ៊ុន ចាន់ដា ក៏ដូចជាអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហការល្អចំពោះលោក ច្រឹង ខ្មៅ ឲ្យអនុវត្តនូវតួនាទីខ្លួនដោយប្រសិទ្ធភាព។ លោករដ្ឋមន្រ្តី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក វង្ស ប៊ុនវិសុទ្ធ នឹងខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានម៉ឹងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ឱ្យរីកចម្រើនថែមមួយកម្រិតទៀត ជាពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហប្រតិបតិ្តការជាមួយសាលាដំបូងខេត្តកំពង់ចាម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់​ទាំងអស់ ឱ្យបានកាន់តែល្អប្រសើរ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន និង សូមជូនពរឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចនេះ ក្នុងមុខតំណែងជាព្រះរាជអាជ្ញាថ្មីនៅខេត្តកំពង់ចាម ដែលជាខេត្តសក្តានុពលផ្នែកសេដ្ឋកិច្ចមួយនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានណែនាំដល់ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាថ្មីនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក៏ដូចជាលោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូងខេត្តកំពង់ចាម ត្រូវចូលរួមលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ក៏ដូចជាលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌ និងលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យ​យុត្តិធម៌នៅកម្ពុជា។ លើសពីនេះ លោករដ្ឋមន្រ្តី បានក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង​នៅតាមសាលាដំបូងរាជធានី-ខេត្ត ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ”។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ឡើងវិញផងដែរពីជំហរដ៏ម៉ឹងម៉ាត់របស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អក្នុងវិស័យយុត្តិធម៌ ក៏ដូចជាការពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម ស្របតាមទិសដៅកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print