ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យ អាជ្ញាធរខណ្ឌនិងមន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការហាមឃាត់ គ្រប់ការដ្ឋានសំណង់ដែល បានសាងសង់ឡើងដោយគ្មានច្បាប់ និងមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់ដែលបានអនុញ្ញាត ។ ចំពោះសំណង់ខុសប្លង់ លើស ៥ឬ១០ជាន់ បើត្រូវ វាយឬកាត់ជាន់ចោលគឺ កាត់ជាន់ទាំងនោះចោលតែម្តងមិនត្រូវទុក រហូតបង្កហានិភ័យដល់មនុស្សនោះទេ។
ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យសំណង់នៅរាជធានីភ្នំពេញ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ចៀសវាងនូវហានិភ័យផ្សេងៗកើតឡើងដោយ យថាហេតុ។
លោកឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ ការសង់សំណង់ខុសច្បាប់អនុញ្ញាតិ ត្រូវហាមឃាត់ ឬវាយចោលមិនត្រូវទុកឲ្យ មានការភ័យកើតឡើងទេ ។បញ្ហាបែបនេះយើងធ្លាប់បានវាយនិងកាត់សំណង់កំពស់១០ជាន់រួចម្តងហើយ។ ការធ្វើដូច្នេះគឺដើម្បីកុំអោយមានហានិភ័យកើតឡើងប៉ះពាល់ដល់អាយុជីវិតមនុស្ស។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា ក្នុងនាម រដ្ឋបាលរាជធានីភ្នំពេញ លោកគាំទ្រជានិច្ចចំពោះការបើកការដ្ឋានអោយសាងសង់សំណង់ផ្សេងៗ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ មិនគាំទ្រចំពោះសំណង់គ្មានច្បាប់និងសំណង់ដែលធ្វើខុសប្លង់អនុញ្ញាតនោះដែរ។
ដោយឡែក ចំពោះសំណង់ដែលមានអាយុកាលចាស់ទ្រុឌទ្រោម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋដែលលក់ដូរនៅក្រោមអគារចាស់ៗនិងអ្នកស្នាក់នៅអាគារចាស់នៅក្នុងរាជធានីភ្នំពេញ ឲ្យអោយពួកគាត់ ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ជៀស វាងមានហានិភ័យអ្វីកើតឡើង បន្ទោសអាជ្ញាធរ ថាមិនបានយកចិត្តទុកដាក់ចំពោះរពួកគាត់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះ មានហានិភ័យខ្ពស់ណាស់ ។
សូមបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញ គិតមកដល់ ពេលនេះ មានសំណង់អគារចាស់ទ្រុឌទ្រោមចំនួន២៤៥ទីតាំង ដែលបាននឹងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅនិងអ្នកឆ្លងកាត់អគារទាំងនេះ៕
ដោយ៖ សំរិត