អាមេរិក៖នៅថ្ងៃទី២៩ ខែកក្កដា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានប្រកាសថា លោកស្រីនឹងស្នើដល់តំណាងរាស្ត្រទាំងអស់ត្រូវពាក់ម៉ាស់ពេលចូលប្រជុំ។
ការសម្រេចខាងលើកើតឡើង ក្រោយពេលតំណាងរាស្ត្រមកពីរដ្ឋតិចសាស់ លោកLouie Gohmert ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ។ ការរកឃើញឆ្លងកូវីដក្នុងពេលធ្វើតេស្តតាមបញ្ជារបស់លោកត្រាំ មុនពេលធ្វើដំណើរតាមជើងយន្តហោះជាមួយ ប្រធានាធិបតីដូណាល់ ត្រាំទៅកាន់រដ្ឋតិចសាស់។
នៅរសៀលថ្ងៃទី២៩ ខែកក្កដា ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi បានប្រកាសថា « បុគ្គលិក និងសមាជិកសភាទាំងអស់ត្រូវតែពាក់ម៉ាស់ពេលចូលរួមកិច្ចប្រជុំ។
លោកស្រីNancy Pelosi បានលើកឡើងថា «ខ្ញុំសង្ឃឹមថាសមាជិកសភាទាំងអស់រួមទាំងបុគ្គលិក ត្រូវតែគោរពទៅតាមច្បាប់សុខភាព ដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួន និងអ្នកនៅជុំវិញខ្លួនក្នុងបន្ទប់ប្រជុំ»។
លោកស្រីNancy Pelosi ក៏បានលើកឡើងផងដែរថា ម៉ាស់នឹងត្រូវចែកចាយដល់តំណាងរាស្ត្ររូបណាដែលភ្លេចយកតាម នៅមុខទ្វារចូលបន្ទប់ប្រជុំ។ កន្លងមក ក៏បានស្នើឲ្យពាក់ម៉ាស់ក្នុងបន្ទប់ប្រជុំសភាផងដែរ ប៉ុន្តែមិនបង្ខំនោះឡើយ តែពេលនេះដោយសារតែមានករណីឆ្លងច្រើនក្នុងថ្នាក់ដឹកនាំទើបសភាត្រូវបង្ខំឲ្យពាក់ម៉ាស់ទាំងអស់គ្នាពេលប្រជុំ ៕