អាមេរិក៖តាមតួលេខរបស់សារព័ត៌មានរ៉យទ័របានផ្សាយថា ចំនួនអ្នកស្លាប់ដោយកូវីដ-១៩នៅអាមេរិកបានកើនឡើងលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេល២ខែកន្លងមកនេះ។ ក្នុងចំណោម២០ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេបំផុត គឺអាមេរិកឈរលំដាប់ទី៦ស្តីអំពីចំនួនអ្នកស្លាប់គិតតាមចំនួនអ្នកឆ្លងនៅអាមេរិក ដោយក្នុងចំណោមពលរដ្ឋអាមេរិក១សែននាក់ដែលឆ្លងកូវីដ-១៩ មានអ្នកស្លាប់៤៥នាក់។
គិតដល់ព្រឹកថ្ងៃទី ៣០ ខែកក្កដា តាមតួលេខរបស់Worldometers នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ-១៩ជាង១៧លាននាក់ និងស្លាប់ ជាង៦៦៩ពាន់នាក់។ ចំណែកអាមេរិកវិញ មានអ្នកឆ្លងកូវីដ-១៩ថ្មីក្នុងរយៈពេល២៤ម៉ោងមានដល់ទៅជាង៦៦ពាន់នាក់ និងស្លាប់ជាង១៣០០នាក់។ អាមេរិកមានអ្នកឆ្លងសុរបទាំងអស់ជាង៤,៥លាននាក់ និងស្លាប់ជាង១៥៣ពាន់នាក់ ។
ក្នុងរយៈពេល៣ថ្ងៃកន្លងមក អាមេរិកមានចំនួនអ្នកឆ្លងកូវីដ-១៩ ច្រើនជាង៦០ពាន់នាក់ក្នុងមួយថ្ងៃៗ ចំណែកអ្នកស្លាប់ក៏កើនឡើងផងដែរ។ ចំនួនអ្នកឆ្លងកូវីដ-១៩ ភាគច្រើន នៅក្នុងរដ្ឋ Arizona, California, Florida និង Texas ក្នុងរយៈពេលចុងក្រោយនេះធ្វើឲ្យមន្ទីរពេទ្យ ពេញទាំងអស់ មិនមានកន្លែងសម្រាប់អ្នកជំងឺថ្មីឡើយ។
វីរុសកូវីដ-១៩បានរាលដាលយ៉ាងខ្លាំងនៅអាមេរិក ធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះជួបផលលំបាកយ៉ាងខ្លាំង។ រដ្ឋជាច្រើនក៏បានស្នើដល់បណ្តាសាលារៀនបន្តបិទទ្វារបញ្ចៀសការឆ្លងកាន់តែច្រើនថែមទៀត៕