ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យនិស្សិតប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៥ឆ្នាំចំនួន៤រូបចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ដែលពិធីនេះធ្វើនៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាលរបស់សិស្សដើម្បីលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ល្អៗសម្រាប់ពួកគាត់។
ក្នុងឱកាសនោះលោកអភិបាលខេត្តបានផ្ដាំផ្ញើដល់ប្អូនៗនិស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាមនៅពេលឆាប់ៗខាងមុខនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទទួលយកនូវយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍខ្លួនឱ្យទៅជាធនធានដ៏មានសមត្ថភាពសម្រាប់បម្រើសង្គមនិងប្រទេសជាតិ ។
លោកអភិបាលខេត្តបានបន្តថា ក្នុងពេលបច្ចុប្បន្ន មិនថាប្រទេសកម្ពុជា និងប្រទេសលើសកលលោកទេ បាននិងកំពុងជួបវិបត្តិនៃជំងឺរាតត្បាតកូវិដ-១៩ ដូច្នេះសូមប្អូនៗ ដែលត្រូវទៅសិក្សានៅប្រទេសវៀតណាមត្រូវការពារខ្លួនកុំឱ្យឆ្លងជំងឺកូវិីដ-១៩ ដោយត្រូវមានអនាម័យជាប្រចាំ ហើយលោកអភិបាលក៏បានជួយឧបត្ថម្ភថវិកាដល់និស្សិតទាំង៤រូបក្នុងម្នាក់១លានរៀលផងដែរ។
សូមបញ្ជាក់ថា និស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាមមានចំនួន៤នាក់ ទី១-ឈ្មោះ ម៉ា សៀកមួយ ភេទស្រី មុខជំនាញហិរញ្ញវត្ថុធនាគារ, ទី២-ឈ្មោះ ស្រ៊ុន សុវណ្ណរ័ត្ន ភេទប្រុស មុខជំនាញ IT , ទី៣-ឈ្មោះ ធឿន បញ្ញា ភេទស្រី មុខជំនាញបច្ចេកវិទ្យាចំណីអាហារ និងទី៤-ឈ្មោះ សាស់ រក្សា ភេទស្រី មុខជំនាញបច្ចេកវិទ្យាចំណីអាហារ។ និស្សិតទាំង៤រូបត្រូវទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល ៥ឆ្នាំ ។
គួររំលឹកដែរថា យោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ២០១៩ និងទិសដៅការងារ ៦ខែចុងឆ្នាំ២០១៩ ភាគីខេត្តអានយ៉ាងបានឯកភាពផ្តល់អាហារូបករណ៍ចំនួន ៦កន្លែងដល់សិស្ស និស្សិតខេត្តកណ្តាល ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យអានយ៉ាង ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕