ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានដេកស្លាប់សង្ស័យបណ្ដាលមកពីខ្យល់គរ ហើយត្រូវបានប្រពន្ធឃើញក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិស្រែអម្ពិល សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះអ៊ាន ភាក់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះយាន ឃុន អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ និងមានទីលំនៅផ្ទះលេខ៣ ក្រុម១ ភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ស្រ្តីជាប្រពន្ធបាននិយាយថា នៅវេលាល្ងាចថ្ងៃទី៣០ ខែកក្កដា ក្រោយពីត្រឡប់មកពីធ្វើការងារវិញប្ដីគាត់បានផឹកសុីជុំគ្នាជាមួយបងប្អូននិងមិត្តភក្ដិរួមការងារអស់ស្រា១លីត្ររួចហើយហូបបាយអស់២ចាន។ បន្ទាប់មកទើបគាត់ចូលដេកជាធម្មតាហើយគាត់មិនបានដឹងថាប្ដីស្លាប់នោះទេ។ លុះព្រឹកឡើងដាស់ប្តីឲ្យក្រោកទៅធ្វើការស្រាប់តែឃើញស្លាប់បាត់ទៅហើយដោយមិនដឹងថាស្លាប់តាំងពីពេលណានោះឡើយ។បន្ទាប់មកគាត់បាន រាយការណ៍ជូននគរបាលប៉ុស្តិ៍ស្នោឲ្យចុះមកពិនិត្យមើល ហើយនគរបាលសង្ស័យថា ប្ដីគាត់ស្លាប់ដោយខ្យល់គរ។ ចំពោះករណីនេះគាត់អត់ប្ដឹងផ្ដល់អីទេគឺសម្រេចសុំយកសពទៅធ្វើបុណ្យនៅឯផ្ទះតាមប្រពៃណី៕
ដោយ សុខាសែនជ័យ