អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា ប្រទេសនីមួយៗគួរតែចាប់ផ្តើមបន្តូរបន្ថយ ការរឹតត្បឹតសម្រាប់ការធ្វើដំណើរអន្តរជាតិជាបណ្តើរៗ ដោយផ្អែកលើការវាយតម្លៃហានិភ័យយ៉ាងហ្មត់ចត់ ហើយត្រូវផ្តល់អាទិភាពដល់អ្នកធ្វើដំណើរចាំបាច់។
តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះថា លោកប្រធានWHO បានបញ្ជាក់ថា អាទិភាពនេះគួរតែផ្តល់ដល់ការធ្វើដំណើរ ចាំបាច់មួយចំនួនរួមមាន៖ សកម្មភាពមនុស្សធម៌, ការធ្វើដំណើររបស់បុគ្គលចាំបាច់ និងការធ្វើមាតុភូមិនិវត្តន៍ចូលក្នុងប្រទេសវិញជាដើម។ មិនតែប៉ុណ្ណោះ លោកប្រធានWHO ក៏បានជំរុញឲ្យប្រទេសនីមួយៗ ធ្វើការវាយតម្លៃដោយខ្លួនឯង មុននឹងអនុញ្ញាតិឲ្យមានការធ្វើដំណើរអន្តរជាតិឡើងវិញនេះ។
គួរបញ្ជាក់ដែរថា កាលពីដើមសប្តាហ៍នេះ អង្គការWHO បានដាក់បំរាមសម្រាប់ការធ្វើដំណើរអន្តរជាតិ មិនអាចបន្តជារៀងរហូតនោះទេ ហើយប្រទេសនីមួយៗគួរតែចាត់វិធានការ ដើម្បីទប់ស្កាត់ការចម្លងជំងឺនៅក្នុងស្រុក ឲ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថា វិធានការការពារសុខភាព ដែលត្រូវបានដាក់ចេញដោយ WHO សម្រាប់អ្នកដំណើរតាមយន្ដហោះរួមមាន ការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, ការលាងដៃឲ្យបានញឹកញាប់, ការចៀសវាងការប៉ះភ្នែក ច្រមុះ ឬមាត់, និង តាមដានព័ត៌មានចុងក្រោយបំផុត ទាក់ទងនឹងស្ថានការណ៍ COVID-19 ទាំងនៅក្នុងប្រទេសរបស់ពួកគេ និងសកលលោកទាំងមូល៕ដោយ៖ស តារា