ភ្នំពេញ ៖ ទីតាំងបញ្ជល់មាន់និងល្បែងអាប៉ោងលេងកក្រើកជារៀងរាល់ថ្ងៃស្ថិតក្នុងភូមិក្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ គ្មានសមត្ថកិច្ចណាចុះទៅបង្ក្រាបទេ ខណៈដែលប្រជាពលរដ្ឋអះអាងថាមានបុរសម្នាក់បោះសម្តីថាគ្មានអ្នកណាហ៊ានប៉ះឡើយ ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងបញ្ជល់មាន់និងអាប៉ោងបានបង្ហេីបឲ្យដឹងថា ជាយូរឆ្នាំមកហើយក្នុងភូមិសង្កាត់របស់គាត់រស់នៅសុខសាន្តណាស់ មិនដែលមានការលេងល្បែងស៊ីសងនោះទេ ទើបតែប្រហែលជាង១ខែកន្លងមកនេះ មានអ្នកចំណូលថ្មីមករស់នៅ ស្រាប់តែមានការប្រមូលផ្តុំគ្នាលេងល្បែងបញ្ជល់មាន់និងអាប៉ោង ហើយប៉ុន្មានថ្ងៃនេះក៏បានបន្ថែមលេងបៀថែមទៀតផង ។ ប្រភពបន្តថា ការលេងគឺជារៀងរាល់ថ្ងៃមិនមានខាននោះទេ ពិសេសគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ កាន់តែអ៊ូអរនិងហ៊ោកញ្ជ្រៀវពេញភូមិតែម្តង ។ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះថាភូមិសង្កាត់ដែលមានសុវត្ថិភាពជាយូរឆ្នាំមកហើយ បែរជាមានល្បែងស៊ីសងយ៉ាងដូច្នេះទៅវិញ ដែលជាប្រភពនៃបទល្មើសនិងអាចនាំមកនូវអំពើហិង្សាក្នុងគ្រួសារថែមទៀតផង ដោយសារតែលេងល្បែងចាញ់ ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាមានវិធានការនៅទីតាំងខាងលើនេះផង ដើម្បីភាពសុខសាន្តក្នុងភូមិសង្កាត់របស់គាត់ខណៈមានបុរសម្នាក់បានចេញមុខអះអាងក្តែងៗថាគ្មានអ្នកណាហ៊ានមកបង្រា្កបនោះឡើយ ៕
ដោយ៖ ភារ៉ា