ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសម្នាក់ដែលជាគ្រូបង្រៀន បានរងរបួសមួយកាំបិតចំដោះខាងឆ្វេងរយះហូរឈាមប្រលាក់ពេញខ្លួន ខណៈដែលរូបគេបានចេញពីក្លឹបកំសាន្តមួយកន្លែង នៅក្បែរផ្សារទំនើបសីុធីម៉ល ខណ្ឌ៧មករា ហើយបាននាំស្រីស្នេហ៍មកដេកជាមួយនៅផ្ទះជួលរបស់ខ្លួន រួចស្រីស្នេហ៍នោះបានធ្វើសកម្មភាពយកកាំបិតមកកាប់ប្រហារ បណ្ដាលឲ្យរងរបួស រួចនាងបានហៅប្រុសស្នេហ៍ផ្សេងទៀតដោយប្លន់យកលុយជនរងគ្រោះអស់ចំនួន២០០ដុល្លារផងដែរ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុចផ្ទះជួលលេខ៥១A ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ គ្រីស តូសហ្វរ ជាជនជាតិអង់គ្លេស មុខរបរបជាគ្រូបង្រៀន ស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ចំណែកឯនារីបង្កហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណ ។
តាមប្រពភព័ត៌មានពីសាក្សីនៅ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិបរទេសរូបនេះ បាននាំនារីម្នាក់មកដេកផ្ទះជាមួយគាត់ ស្រាប់តែមួយស្ទុះក្រោយមកបានឮសំលេង ឈ្លោះប្រកែកគ្នារវាង ស្រីស្នេហ៍ខ្លាំងៗ លុះបានប្រហែល១ម៉ោងក្រោយមក ស្រាប់តែ ឮសំលេងបុរសជនជាតិបរទេសនោះ ស្រែកឲ្យគេជួយផងៗ ។ ភ្លាមនោះដោយមានសំលេងស្រែកឲ្យជួយ ទើបប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នា ចេញទៅមើលក៏ឃើញបុរសរងគ្រោះ មានឈាមហូរប្រលាក់ពេញខ្លួនហើយបែរជាមិនទៅរកមន្ទីរពេទ្យព្យាបាលរបួសនោះទេ បែរជាដើរចូលទៅក្នុងបន្ទប់គាត់ទៅដេកលើពូកធ្វើដូចមិនឈឺឬមានរឿងអ្វីនោះទេ ។ ចំណែកឯនារីបង្កហេតុបានរត់គេចខ្លួនបាត់ទៅ ដោយឃើញមានបុរសម្នាក់ទៀតចាំម៉ូតូជិះគេចបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុប្រជាពលរដ្ឋដែលបានឃើញករណីនេះ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីជួយអន្តរគមន៍ភ្លាមៗ និងធ្វើការទំនាក់ទំនងជាមួយរថយន្តសាមុយដឹកបញ្ចូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង ។
បច្ចុប្បន្ននារីបង្កហេតុ ត្រូវសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ ៕
...
ដោយ៖ ស ដារ៉ា