ភ្នំពេញ៖ ជនសង្ស័យជាភេទទី៣ មា្នក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវជនរងគ្រោះដេញចាប់យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្រះចក ខណៈដែលជនរងគ្រោះចេញពីផឹកនៅផ្ទះមិត្តភ័ក្តិនៅម្ដុំផ្សារស្ទឹងមានជ័យ ហើយចង់រកនារីបម្រើសេវាផ្លូវភេទនៅម្ដុំវត្តភ្នំ ស្រាប់តែជនសង្ស័យ២នាក់ ខាងលើនេះប្រើល្បិចមកសួរនាំរកស្រីយកទៅដេក ហើយបន្លំលួចទ្រព្យសម្បត្តិតែម្តង ។
ករណីឃាត់ខ្លួនជនសង្ស័យដែលបន្លំលួចទ្រព្យសម្បត្តិខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៦៥ កែងផ្លូវលេខ៨៣ ភូមិទី១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ជនសង្ស័យឈ្មោះស៊ឹម សុខ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវលំ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ (ឃាត់ខ្លួនបាន) និងម្នាក់ទៀតដែលរត់គេចខ្លួនបាត់នោះឈ្មោះយ៉ាវ ភេទប្រុស អាយុ២៥ឆ្នាំ ទីកន្លែងស្នាក់នៅនិមុខរបរមិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះឈ្មោះគឹម សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ១៤៦ ផ្លូវជាតិលេខ១ ភូមិទី១ ឃុំព្រែកខ្សាយខ ខេត្តព្រៃវែង ។
មន្ត្រីដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុគឺជនរងគ្រោះ បានជិះរថយន្តមួយគ្រឿងចេញពីផ្ទះមិត្តភ័ក្តនៅម្តុំផ្សារស្ទឹងមានជ័យ គោលបំណងទៅមកប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ឋា លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏បានចុះពីលើរថយន្តទៅបត់ជើងតូច ស្រាប់តែមានជនសង្ស័យ២នាក់ ដើរមកក្បែររួចសួរថាយកស្រីទៅដេកទេ ពេលនោះជនរងគ្រោះឆ្លើយថា បើស្អាតយកមក ។បន្ទាប់ពីសួរនាំគ្នានោះ ជនរងគ្រោះបានចូលទៅអង្គុយនៅក្នុងរថយន្ត ដោយជនសង្ស័យឈ្មោះសឹុម សុខ អង្គុយបាំងខាងក្រោយ និងឈ្មោះយ៉ាវ អង្គុយនៅខាងមុខជាមួយជនរងគ្រោះ រួចក៏ប្រើល្បិចដោយនាំគ្នាអង្អែជនរងគ្រោះបន្លំលួចយកទ្រព្យសម្បត្តិបានសម្រេចហើយ ក៏នាំគ្នារត់ចុះពីលើរថយន្ត ភ្លាមនោះជនរងគ្រោះដឹងខ្លួនទាន់ ក៏ដេញចាប់បានជនសង្ស័យម្នាក់ឈ្មោះសឹុម សុខ ។ចំណែកឯឈ្មោះយ៉ាវរត់គេចខ្លួនបាត់រួចនឹងទូរស័ព្ទម៉ាក់អាយហ្វូន៥ មួយគ្រឿង និងខ្សែរក មាស១ខ្សែផងដែរ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ៖ ស ដារ៉ា