ភ្នំពេញ៖ នៅប្រទេសវៀតណាម គិតត្រឹមម៉ោង៧ព្រឹកថ្ងៃសៅរ៍ទី១ ខែសីហា ឆ្នាំ២០២០នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១២នាក់ នៅក្រុងដាណាង ឆ្លងក្នុងសហគមន៍ ធ្វើឱ្យអ្នកឆ្លងវីរុសកូវីដ-១៩សរុប ៥៥៨នាក់ ជាសះស្បើយ ៣៧៣នាក់ សម្រាកក្នុងមន្ទីរពេទ្យ ១៨៣នាក់ និងស្លាប់ចំនួន២នាក់។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ណែនាំឲ្យអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តជាប់ព្រំដែនប្រទេស វៀតណាម ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការចេញចូលឆ្លងកាត់តាមព្រំដែន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាត ជំងឺកូវីដ-១៩ នៅកម្ពុជា។ ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩ បានបញ្ជាក់ថា៖ ដោយផ្អែកតាមព័ត៌មានពីប្រទេសវៀតណាមថ្មីៗនេះ បានប្រកាសពីចម្លងមេរោគវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដែលបានកើតឡើងនៅក្នុងទីក្រុងដាណាង និងបានរាលដាលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ទីក្រុងហូជីមិញ និងទីក្រុងហាណូយ ជាមួយគ្នានេះដែរស្ថានភាព នៃការចម្លងលើពិភពលោក និងក្នុងតំបន់ក៏មិនទាន់ការធូស្បើយ ដោយសារនៅតែមានកំណើន នៃជំងឺវីរុសកូវីដ-១៩ និងបានស្លាប់ដោយជំងឺនេះនៅឡើយ។ ដូច្នេះសូមឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ពិសេសខេត្តដែលនៅជាប់ព្រំដែនវៀតណាម ដូចជាខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី បង្កើនការប្រុងប្រយ័ត្ន និងមានវិធានការទប់ស្កាត់៕
ដោយ៖ សិលា