កាលពីថ្ងៃទី៣១ខែកក្កដា ហ្វីលីពីនមានករណីឆ្លងកូវីដ១៩ ដល់ទៅ៤ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោង។ នេះជាចំនួនអ្នកឆ្លងច្រើនបំផុត ជាប់គ្នា២ថ្ងៃកន្លងក នៅក្នុងប្រទេសតំបន់អាស៊ានមួយនេះ។ ក្រៅពីនេះក៏មានអ្នកស្លាប់ ដល់ទៅ៤០នាក់ក្នុងរយៈពេល១ថ្ងៃ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះកើនដល់ជាង២ពាន់នាក់ហើយ។
ហ្វីលីពីន មានអ្នកឆ្លងសរុប ដល់ទៅ93.354នាក់ ឈរលំដាប់លេខពីរនៅតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ។ ចំពោះស្ថានភាពនៃការឆ្លងរាលដាលយ៉ាងច្រើនបែបនេះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាស ពន្យាពេលអាសន្នទប់ស្កាត់ឆ្លងកូវីដនៅទីក្រុងម៉ានីលដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២០។
មេដឹកនាំហ្វីលីពីនក៏បានសន្យាផងដែរថា នឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ពលរដ្ឋនៅចុងឆ្នាំនេះ ហើយពលរដ្ឋក្រីក្រទទួលបានអាទិភាពមុនគេសម្រាប់វ៉ាក់សាំងប្រឆាំងកូវីដ១៩។ ក្រោយមកដល់ក្រុមអ្នកមាន កម្លាំងសន្តិសុខ ប៉ូលិស ទាហាន។
ចាប់តាំងពីខែមិថុនា មកដល់ពេលនេះ ទីក្រុងម៉ានីល និងខេត្តនៅភាគខាងត្បូង ភាគកណ្តាលប្រទេសហ្វីលីពីន បានអនុម័តច្បាប់ទប់ស្កាត់ការឆ្លងកូវីដ១៩ យ៉ាងតឹងតែងបំផុត ។ មនុស្សចាស់និងកុមារ មិនអនុញ្ញាតឲ្យធ្វើដំណើរចេញក្រៅផ្ទះបើមិនមានការចាំបាច់៕ដោយ៖ធីរីណា