ខេត្តពោធិ៍សាត់៖ មន្រ្តីនាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសា ដឹកនាំដោយលោកភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមសហការដោយនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងកងកម្លាំងប្រដាប់អាវុធតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសនេសាទប្រភេទរបាំងសាច់អ៊ួន ដែលដាក់កាត់ស្ទឹងបិទជិតឈឹងនារដូវបិទនេសាទដែលនេះជាការបង្រ្កាបលើកទី២ ខណៈលើកទី១គេឃើញធ្វើកិច្ចសន្យាអប់រំ ។
ករណីកម្លាំងសហការបង្រ្កាបឧបករណ៍ចាប់ត្រី(របាំងសាច់)ដាក់កាត់បិទស្ទឹងខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ក្នុងទឹកស្ទឹងត្រង់ចំណុចអង្កចំទើត ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ។
សេចក្ដីរាយការណ៍ពីក្រុមការងារចុះអនុវត្តការបង្រ្កាបប្រាប់ថា ជាលទ្ធផល ៖ កម្លាំងអនុវត្តបានរបាំងសាច់ដាក់កាត់បិទស្ទឹង១ខ្សែ ប្រវែងប្រមាណចំនួន ២០ម៉ែត្រ បង្គោលចំរឹងចំនួន ៣០ដើម និងចាក់លែងត្រីចំរុះចូលក្នុងទឹកស្ទឹងវិញចំនួន ៣គីឡូក្រាម ។
សេចក្ដីរាយការណ៍ដដែលបន្តទៀតថា ឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល(របាំងសាច់អួន)ដែលជនប្រព្រិត្តដាក់កាត់បិតស្ទឹង ដើម្បីចាប់ត្រីនារដូវបិតនេសាទ ដែលជាវត្ថុតាងជាក់ស្ដែងខាងលើនេះ ត្រូវបានកម្លាំងបំផ្លាញចោលនៅនឹងកន្លែង ចំណែកជនប្រព្រិត្តបទល្មើសនេសាទនេះគេចខ្លួន ។
គួររំលឹកផងដែរថា គេនៅចាំបានកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ករណីជនដែលប្រព្រឹត្តិដាក់របាំងសាច់អួនកាត់បិទស្ទឹងខាងលើ ត្រូវលោក កាំង សុវណ្ណ នាយសង្កាត់រដ្ឋបាលជលផលសំពៅមាស ទទួលបញ្ជាដឹកនាំក្រុមការងារចុះបង្រ្កាបរួចម្តងមកហើយដែលគេដឹងថាបានធ្វើកិច្ចសន្យាបញ្ឈប់ជាមួយជននោះ ។ ប៉ុន្តែជននោះមិនត្រឹមតែមិនញញើតនឹងកិច្ចសន្យានោះទេ គឺបានប្រព្រឹត្តិជារៀងរហូតមកដល់ថ្ងៃនេះ ទើបសមត្ថកិច្ចជំនាញបង្រ្កាបម្តងទៀត ហើយថែមទាំងគេចខ្លួនបាត់ថែមទៀតផងដែរ ធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ដូច្នេះតើជនប្រព្រឹត្តិរូបនេះអាចឈប់ប្រព្រឹត្តិដែរទេ ? ៕ ដោយ៖បុឹម ពិន