ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកាហ្វីុលីពីនប្រមាណ១លាននាក់បានស្នើដល់ប្រធានាធិបតី Rodrigo Duterte ឲ្យបិទទ្វារប្រទេសជាថ្មី។ ក្រុមគ្រូពេទ្យបានប្រកាសថា មិនអាចយកឈ្នះក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩បានឡើយ ប្រសិនបើមិនមានការទប់ស្កាត់ឱ្យបានខ្លាំងក្លានោះ។
នេះជាការអំពាវនាវទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ក្នុងការទប់ស្កាត់កូវីដ-១៩។ មានគ្រូពេទ្យ៨០ក្រុម តំណាងឲ្យ គ្រូពេទ្យ៨០ម៉ឺននាក់ និងក្រុមគិលានុបដ្ឋាកគិលានុបដ្ឋាយិកា បុគ្គលិកពេទ្យជាង១លាននាក់បានព្រមានពីការដួលរលំនៃប្រព័ន្ធសុខាភិបាលហ្វីុលីពីន ប្រសិនបើមិនមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពបំផុតនោះទេ។
ក្នុងរយៈពេល២ថ្ងៃកន្លងមក ហ្វីុលីពីនមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មាន គឺមានអ្នកឆ្លងដល់ទៅជាង ៤ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង។ ក្រុមក្រូពេទ្យដែលដឹកនាំដោយគ្រូពេទ្យមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រហ្វីុលីពីនបានសរសេរលិខិតផ្ញើទៅកាន់ប្រធានាធិបតី ដោយមានខ្លឹមសារថា« បុគ្គលិកពេទ្យរបស់យើង មិនមានកម្លាំងគ្រប់គ្រាន់ ដោយសារតែចំនួនអ្នកជំងឺកើនឡើងខ្ពស់។ យើងកំពុងតែស្ថិតនៅក្នុងដំណាក់កាលបរាជ័យក្នុងសង្គ្រាមប្រឆាំងកូវីដ១៩»។
ជាមួយគ្នានេះដែរអ្នកនាំពាក្យ វិមានប្រធានាធិបតី ហ្វីុលីពីន លោក Harry Roque បានប្រកាសថា រដ្ឋាភិបាលបានយល់យ៉ាងច្បាស់ពីសុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិ។ កាលពីខែមីនាកន្លងមក ប្រធានាធិបតីហ្វីុលីពីន បានចេញបញ្ជាឲ្យបិទប្រទេសយ៉ាងតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩៕
ដោយ៖ ធី រីណា