ភ្នំពេញ៖ ជនបរទេសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនករណីវាយបុរសជនជាតិខ្មែរ២នាក់ឲ្យរងរបួសហើយយកទូរស័ព្ទដៃ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវព្រះសីហនុ កែងផ្លូវលេខ៥១ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ WALKERSMITH MARLON PAUL ANTHONY អាយុ ៣៦ឆ្នាំ ជនជាតិអង់គ្លេស មានទីលំនៅនិង មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះមាន២នាក់ទី១ឈ្មោះ ឃុន សុផល អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៤២ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និង
ទី២ ឈ្មោះ ឆុង យ៉ុង អាយុ៤៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ មុនពេលកើតហេតុ ជនរងគ្រោះទី១ ឈ្មោះឃុន សុផល កំពុងតែអង្គុយនៅលើម៉ូតូនិយាយទូរស័ព្ទ នៅចំណុចផ្លូវព្រះសីហនុកែងផ្លូវលេខ៥១ ក្នុងភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែមានជនសង្ស័យជាជនជាតិអង់គ្លេស ស្បែកខ្មៅ ដើរសំដៅមករក។ ដោយមានការភ័យខ្លាចជនរងបានយកទូរស័ព្ទដាក់ចូលហោប៉ៅវិញ ហើយពេលនោះជនសង្ស័យឃើញក៏បានវាយទៅលើជនរងគ្រោះមួយដៃចំដើមទ្រូងខាងធ្វេងដួលទៅលើដី រួចហើយជនសង្ស័យបានដើរសំដៅទៅរកជនរងគ្រោះទី២ឈ្មោះ ឆុង យ៉ុន ដែលកំពុងអង្គុយលើកៅអីចុចទូរស័ព្ទមុខហាងលក់គ្រឿងសម្អាង។ពេលទៅដល់ជនសង្ស័យក៏លូកដៃយកទូរស័ព្ទពីដៃជនរងគ្រោះ តែជនរងគ្រោះមិនព្រមឱ្យ ទើបជនសង្ស័យបានប្រើអំពើហិង្សាសង្កត់និងច្របាច់កជនរងគ្រោះរួចឆក់យកទូរស័ព្ទពីដៃដើរចេញទៅ។ ឃើញដូចនេះជនរងគ្រោះបានយកកៅអីដែកបម្រុងងវាយទៅលើជនសង្ស័យតែត្រូវបានជនសង្ស័យធាក់និងចាប់កៅអីនោះបាន រួចយកកៅអីមកវាយទៅលើជនរងគ្រោះវិញបណ្ដាលឲ្យបាក់ដៃខាងឆ្វេងហើយជនសង្ស័យបានរត់គេចខ្លួន ។
លោកអធិការបានបន្តទៀតថា ក្រោយទទួលបានព័ត៌មាននេះភ្លាមកម្លាំងដែលកំពុងល្បាតនៅជិតគោលដៅកើតហេតុក៏បានទៅធ្វើអន្តរាគមន៍ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានរួមនិឹងវត្ថុតាងទូរស័ព្ទដៃ១គ្រឿងម៉ាក OPPO នឹងកៅអីដែកពណ៌ក្រហមមួយ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ