លិចទូកដឹកភ្ញៀវទេសចរ៣គ្រឿងនៅក្រុងកោះរ៉ុងដោយសារខ្យល់កន្ដ្រាក់ខ្លាំង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ មានករណីលិចទូកដឹកភ្ញៀវទេសចរដែលបោះយុថ្កាចោល (មិនមានមនុស្សជិះ) ចំនួន៣គ្រឿងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ទូកទាំងបីគ្រឿងនេះ ទី១មានម្ចាស់ឈ្មោះ យ៉ង់ ចាន់ធី ភេទប្រុស អាយុ៣២ឆ្នាំ ប្រភេទទូកកន្ទុយវែង ដឹកភ្ញៀវទេសចរ, ទី២មាន ម្ចាស់ឈ្មោះ ប្រាជ ផាត ភេទប្រុស អាយុ៥២ឆ្នាំ ប្រភេទទូកកន្ទុយវែង និងទី៣ទូកមានម្ចាស់ឈ្មោះ ជិម វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនេសាទ ប្រភេទទូកនេសាទ ដែលត្រូវបានលិចនៅចំពីមុខផ្ទះសំណាក់ស្មាយរីហ្សត។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យមានករណីលិចទូកនេះ គឺដោយសារខ្យល់កន្ដ្រាក់ខ្លាំងៗ។ បច្ចុប្បន្នទូកដែលលិចទាំងអស់ត្រូវបានប្រជាពលរដ្ឋ សហការជាមួយកម្លាំងប៉ុស្តិ៍អូសឡើងគោកដើម្បីធ្វើការបាចទឹកចេញ។

គួរជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជារងឥទ្ធិពលព្យុះស៉ីនឡាគូមកពីសមុទ្រចិនខាងត្បូង ដែលវិវត្តទៅជាវិសម្ពាធទាប នាំឲ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួន។

ក្រសួងធនធានទឹក បានបញ្ជាក់អំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖

*ទី១-បណ្តាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាននឹងអាចមានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood)។

*ទី២-តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ

*ទី៣-តំបន់ផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

បន្ថែមពីនេះ ក្រសួងធនធានទឹក បានណែនាំឲ្យប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print