ភ្នំពេញ៖ បើតាមដំណឹងក្រៅផ្លូវការ បានឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងខ្នះខ្នែងជួយស្ត្រីខ្មែរដែលវៀតណាមកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន នៅប្រទេសវៀតណាម ។
ប្រភពខ្លះបានលើកឡើងថា៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា នៅក្នុងសំណុំរឿងស្ត្រីខ្មែរដែលត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីវិតលើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន មិនទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ពោលគឺនៅសល់ដំណាក់កាលជម្រះក្ដីនៅថ្នាក់ឧទ្ទរណ៍បន្តទៀត។ ដំណាក់កាលឧទ្ទរណ៍ គឺមានជំនួយផ្នែកច្បាប់ពីក្រសួងយុត្តិធម៌កម្ពុជា ដើម្បីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់វៀតណាម ដែលកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន។
ប្រភពដដែលបន្តថា៖ បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌មួយផ្នែកនៃសំណុំរឿងស្ត្រីខ្មែរនេះ អាចប្រើយន្តការផ្នែកច្បាប់ដែលមានស្រាប់រវាងកម្ពុជា និងវៀតណាមគឺកិច្ចព្រមព្រៀងធ្វើបច្ចាប័ន និងផ្ទេរទណ្ឌិត។ ចំពោះការធ្វើបច្ចាប័ណ្ណនេះសំដៅដល់ការប្រព្រឹត្តបទល្មើសនៅកម្ពុជាហើយរត់ទៅវៀតណាម នោះកម្ពុជានឹងស្នើសុំយកមកផ្ដន្ទាទោស និងដំណើរការក្ដីនៅកម្ពុជា។ ចំណែកការផ្ទេរទណ្ឌិតវិញ សំដៅដល់ការប្រព្រឹត្តបទល្មើសនៅវៀតណាម ហើយទទួលបានការកាត់ទោសរួចរាល់ កម្ពុជាអាចស្នើសុំផ្ទេរទណ្ឌិត មកអនុវត្តទោសនៅកម្ពុជា។ ដូច្នេះសំណុំរឿងស្ត្រីខ្មែរដែលត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិតលើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន អាចស្ថិតនៅក្នុងកិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត។
សូមបញ្ជាក់ថា៖ ក្នុងខណៈ កម្ពុជា កំពុងខ្នះខ្នែងយកស្ត្រីពិរុទ្ធជនគ្រឿងញៀន មកផ្តន្ទាទោសលើទឹកដីខ្លួនឯង បញ្ចៀសកាត់ទោសប្រហារជីវិត ជាបច្ច័យល្អជួយជនរួមជាតិ មានទោសក្នុងកម្រិតច្បាប់ទឹកដីកំណើត៕
ដោយ៖ សហការី