ភ្នំពេញ៖ រថយន្តសេរីទំនើបម៉ាករ៉េងរ៉ូវ័រ និងរថយន្តតាក់ស៊ីម៉ែត្រ បើកបរខ្វះការអធ្យាស្រ័យ ក៏បានបុកគ្នាត្រង់ចំណុចផ្លូវកែងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវ៣១០ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសាក្សីដែលឃើញហេតុការណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តតាក់ស៊ីម៉ែត្រ ពណ៌លៀង ពាក់ស្លាកលេខ ភ្នំពេញ 2AG.3824 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចផ្លូវកែងលេខ៦៣ ក៏បានបទឆ្វេងដោយមិនបានបន្ថយល្បឿន ភ្លាមនោះស្រាប់តែមានរថយន្តម៉ាករ៉េងរ៉ូវ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH.1177 បើកបរទិសដៅពីត្បួងទៅជើង ក្នុងល្បឿនលឿនល្មម ហើយមិនប្រយ័ត្នក៏ជ្រុលមកបុករថយន្តតាក់ស៊ីម៉ែត្រ ចំពីចហៀងផ្នែកខាងឆ្វេងខូចខាតតែម្ដង ហើយរថយន្តរ៉េងរ៉ូវ័រ ក៏បានខូចខាតខាងមុខផ្នែកខាងឆ្វេងផងដែរ ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានជជែកគ្នាយកឈ្នះយកចាញ់ និងយកត្រូវតែរៀងៗខ្លួន ក្រោយមកទើបខាងភាគីរថយន្តតាក់ស៊ីម៉ែត្រក៏ប្រគល់ឲ្យសមត្ថកិច្ចជំនាញវាស់វែង និងចាត់ការតាមនីតិវិធី ៕
ដោយ៖ ជីម ភារ៉ា