ខេត្តរតនគិរី៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានកំពុងរឹតបន្តឹង ដោយបង្កើតគណៈកម្មការថ្នាក់ជាតិឲ្យទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនាំចេញល្មើសច្បាប់ និងសកម្មភាពកាប់បំផ្លាញនានា គេសង្កេតឃើញថា បទល្មើសព្រៃឈើឆ្លងដែនមានភាពស្ងប់ស្ងាត់មួយរយៈ ប៉ុន្តែសកម្មភាពកាប់បំផ្លាញនូវតែកើតមានឡើងនៅក្នុងដែនជម្រកសត្វព្រៃ និងព្រៃបម្រុងរបស់រដ្ឋ។
ជាក់ស្តែងនៅភូមិតាកុកច្រាយ ភូមិតាកុកព្នង ឃុំបខាំ ស្រុកអូរយ៉ាដាវ និងភូមិខ្វែង ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គេសង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនជាច្រើនហិកតាមិនទាន់កំណត់ព្រំច្បាស់លាស់ពីសំណាក់អ្នកមានលុយ និងមានអំណាចដោយកន្លែងខ្លះប្រើគ្រឿងចក្រឈួសឆាយ ហើយកន្លែងខ្លះប្រើរណាយន្តកាត់រំលំឈើប្រមូលដុតចោល ដើម្បីបំបាត់ភ័ស្តុតាង ។
លោកឃឹម ល័ក្ខ ជាអ្នកមើលការខុសត្រូវកន្លែងឈូសឆាយនោះបានបញ្ជាក់ថា ដីនេះគេបានទិញពីសហគមន៍ និងប្រជាពលរដ្ឋជាច្រើនអ្នក ហើយមានការទទួលស្គាល់ពីអាជ្ញាធរឃុំទៀតផង ។
លោក រម៉ាម ខេត មេឃុំបខាំបានឲ្យដឹងតាមទូរស័ព្ទថា អ្នកទិញចំណុចនោះគេយកមកស៊ីញ៉េចំនួនមួយដងហើយ តែលោកមិនព្រមស៊ីញ៉េទេ ទើបគេយកមកម្តងទៀត ដោយមានស្នាមផ្តិតមេដៃប្រជាពលរដ្ឋជាច្រើនថែមទាំងមានចុះហត្ថលេខារបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលម្នាក់ទើបលើកស៊ីញ៉េឲ្យ។ លោកបន្តទៀតថា ដីព្រៃចំណុចនោះស្ថិតនៅជាប់ព្រំប្រទល់ចំនួន៣ភូមិគឺភូមិតាកុកព្នង ភូមិតាកុកច្រាយ និងភូមិខ្វែង ឃុំយ៉ាទុង។ ដោយលោករចំ វីន មេឃុំយ៉ាងទុងថាបញ្ហានេះលោកមិនបានដឹងនោះទេ តំបន់នោះឆ្ងាយពេកចាំលោកឲ្យគេចុះទៅមើល។
ចំណែកលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបកែវបញ្ជាក់ថា ករណីនេះលោកនឹងនាំកម្លាំងចុះទៅមើលនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ស្អែកនេះហើយ។
ដោយឡែកលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ចំណុចដែលគេឈួសឆាយដីព្រៃនោះលោកធ្វើការហាមឃាត់ជាច្រើនលើកមកហើយ តែគេនៅតែលួចធ្វើសកម្មភាពទៀត កាលពីថ្ងៃទី៣០ ខែមករា នេះ លោកបាននាំកម្លាំងចុះមើលតែពេលនេះមិនទាន់ដឹងថាម្ចាស់ដីនោះជាអ្នកណាពិតប្រាកដទេ។
គួរបញ្ជាក់ផងដែរថាសកម្មភាពលួចកាប់ព្រៃរានយកដីធ្វើជាកម្មសិទ្ធពីសំណាក់អ្នកមានលុយនិងដឹកជន្លង់ម្រិចយ៉ាងអាណាធិបតេយ្យនៅលើទឹកដីបីស្រុកនេះគឺស្រុកលំផាត់ស្រុកអូរយ៉ាដាវនិងស្រុកបកែវនេះតែម្តង។ បច្ចុប្បន្នភាគច្រើនគេតែងតែប្រើរូបភាពខ្ចីដៃប្រជាពលរដ្ឋប្រើឲ្យចូលកាប់ជាលេសថាប្រជាពលរដ្ឋកាប់ធ្វើចំការតិចតួចជាលក្ខណគ្រួសារ ៕
ដោយ៖ វុទ្ធ ឦសាន