ខេត្តសៀមរាប៖ ក្មេងស្រីទំនើង ចំនួន៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធខេត្ត បានធ្វើការឃាត់ខ្លួន ពីបទប្រើអំពើហិង្សាដោយចេតនា ដែលមានស្ថានទម្ងន់ទោស នៅត្រង់ចំនុចខាងកើតផ្លូវ ៦០ម៉ែត្រ ស្ថិតនៅភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប តាមពាក្យរបស់ជនរងគ្រោះប្ដឹងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ។
ជនសង្ស័យចំនួន៥នាក់ ទី១-ឈ្មោះ ឌុច ចរិយា អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប, ទី២-ឈ្មោះ ធឹម មាលា អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប,ទី៣ ឈ្មោះ តឹក ឡាលីន អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទី៤ឈ្មោះ ទឹម ស្រីនិច អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺជាអ្នកយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះបណ្តាលឱ្យប៉ោងរយះស្បែកជាច្រើនកន្លែង លើថ្ងាសខាងឆ្វេង ចូលដេកពេទ្យ (លទ្ធផលស្កែន គឺហើមខួរក្បាល) ថែមទាំងទាញទម្លាក់ពីលើម៉ូតូ រួចទាត់ធាត់មួយទំហឹងបណ្តាលឱ្យជនរងគ្រោះរងរបួសជាទម្ងន់ មូលហេតុបណ្តាលមកពីខាងក្រុមជនសង្ស័យឱ្យជនរងគ្រោះហៅពួកគេថា បងៗ ឬហៅ ថាចែៗៗ, ទី៥ឈ្មោះ ចាន់ ស្រីពីន អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធខេត្ត បានឲ្យដឹងថា ក្រោយពីមានពាក្យ បណ្តឹងរបស់ជនរងគ្រោះឈ្មោះ កង ដារីណា ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ១០មករា មានទីលំនៅបច្ចុប្បន្នភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃ៣១ ខែមករា ឆ្នាំ២០១៦ ទើបកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានក្មេងស្រីទំនើង៥នាក់ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅតុលាការនៅវេលាម៉ោង២រសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ចំណែកបក្ខពួកជនសង្ស័យមួយចំនួនទៀតដែលបានគេចខ្លួននោះ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធខេត្តកំពុង តាមស្រាវជ្រាវស្វែង រកជនទាំងនោះយកមកដាក់ ទោសទៅតាមច្បាប់ឱ្យខាងតែបាន ដើម្បីកុំឱ្យក្មេងទំនើងផ្សេងទៀតយកគំរូតាម ៕
ដោយ៖ ប៊ុន រិទ្ធី