ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិទាំងអស់ ត្រូវផ្សាយព័ត៌មាន ដែលមានភាពច្បាស់លាស់ ហើយមានប្រភពត្រឹមត្រូវ ដើម្បីផ្តល់ជាប្រយោជន៍ និងការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវរបស់អ្នកស្តាប់ និងអ្នកទស្សនា។
នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ របស់ថ្នាក់ដឹកនាំក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់ ជាតិទាំងអស់កុំផ្សាយនូវរាល់ព័ត៌មាន ដែលមិនច្បាស់លាស់ ដោយមិនត្រូវធ្វើការអត្ថធិប្បាយ បន្ទោសនៅពេលមិនច្បាស់ចំពោះព័ត៌មាននោះ ហើយលើកមកនិយាយ ដែលនេះជាប្រការមិនត្រឹមត្រូវនោះទេ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ត្រូវផ្សាយតែផ្សាយព័ត៌មានណាពិត ត្រឹមត្រូវ ជឿទុកចិត្តបាន ទើបធ្វើអោយទស្សនិកជន និងអ្នកស្តាប់អាចទទួលយកបាននូវរាល់ការផ្សាយរបស់ជាតិ។
លោកបានរំលឹកអោយប្រជាពលរដ្ឋ តាមរយៈប្រពន្ធ័ផ្សព្វផ្សាយ កុំភ្លេច ការពារខ្លួនពីការរីករាលដែលនៃជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើងវិញ ពិសេសការពារជំងឺគ្រុនឈីក ដែលបាននិងកំពុងរាតត្បាតលើខេត្តចំនួន១២របស់កម្ពុជា។ ជំងឺគ្រុនឈីក (CHIK) នេះ គឺវាដូចនិងជំងឺគ្រុនឈាម តាមរយះនេះក្រសួងសុខាភិបាលបានអំពាវនាវអោយប្រជាពលរដ្ឋ កម្ចាត់ជម្រកមូសខ្លា និងអនុវត្តន៍នូវវិធានការចាំបាច់មួយចំនួន តាមរយៈការលុប បំបាត់វត្ថុ ដក់ទឹក ដែលជា ជម្រកនៃការកកើតសត្វមូសនេះ។ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញអោយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវបន្ត ពង្រឹងប្រសិទ្ធិភាពនៃការផ្សាយរបស់ខ្លួនអិយបានកាន់តែល្អប្រសើរ ដែលមានកម្មវិធីថ្មីៗ និងកម្មវិធីអប់រំចំណេះដឹង ដែលមានការទាក់ទាញ ផ្តល់សារៈប្រយោជន៍ សម្រាប់សារធារណៈជនទូទៅ។
ឆ្លៀតក្នុងឱកាសកិច្ចប្រជុំនេះដែរ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរ ចំពោះរាល់លទ្ធផលការងារ ទាំងឡាយ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញ នៃក្រសួងព័ត៌មាន ដែលបានរួមសហការគ្នាសម្រេចអនុវត្តបានយ៉ាងល្អ។ ដូច្នេះការងារបន្តទៀតសំខាន់ត្រូវពង្រឹងកិច្ចសហការ សាមគ្គីភាពអោយបានរឹងមាំ មានទំនាក់ទំនងល្អជាមួយក្រសួងស្ថាប័នទាំងអស់ ៕
ប្រភព៖ វិទ្យុជាតិកម្ពុជា