ខេត្តព្រះសីហនុ៖ រថយន្តនីសាន់ចង្កូតស្តាំមួយគ្រឿង សង្ស័យអ្នកបើកបរងោកបានរេចង្កូតទៅបុកតូបអ្នកលក់ដូរយ៉ាងពេញទំហឹងហើយរុលទៅបុកដើមឈើមួយដើមទៀតទើបឈប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី១ ខែកុម្ភៈ នៅលើបណ្តោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១៤១-១៤២ ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។ រថយន្តបង្ក ម៉ាកនីសាន់ចង្កូតស្តាំ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ព្រះសីហនុ 2A-2784 ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ។ លុះដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តខាងលើងោក(ងងុដេក)រេចង្កូតទៅបុកតូប អ្នកលក់ដូរស្តាំដៃផ្លូវពេញទំហឹង ។
ក្រោយកើតហេតុភ្លាម អ្នកបើកបរបានរត់គេចខ្លួនបាត់ ចំណែកព្រូរថយន្តត្រូវបានក្រុមប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបាន ។ ព្រូរថយន្តដែលឃាត់ខ្លួននេះឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិ/ឃុំ អ្នកលឿង ស្រុក ពាមរ ខេត្តព្រៃវែង។
សពជនរងគ្រោះមានឈ្មោះ ងីន ស្រីនាង ភេទស្រី អាយុ២៥ មានទីលំនៅក្នុងភូមិ/ឃុំ់កើតហេតុខាងលើ ។ ក្រោយពេលកើតហេតុ កំលាំងកងរាជអាវុធហត្ថស្នាក់ការសនិ្តសុខលេខ៤០២ និងប៉ូលីសស្រុកស្រែអំបិលនៅការពារកនែ្លងកើតហេតុ។
ចំណែករថយន្តរង់ចាំរថយន្តស្ទួច យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីចាត់ការតាមនិតិវិធី ៕
ដោយ៖ ឆ្លាមសមុទ្រ