ជនជាតិចិនដែលត្រូវគេចាប់ជំរិតម្នាក់ កាន់កាំភ្លើងរត់ពេញផ្លូវត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិនដែលត្រូគេចាប់ជំរិតម្នាក់បានខំព្យាយាមរើបម្រះដោយដណ្តើមបានកាំភ្លើងខ្លី១ដើមពីក្រុមជន
សង្ស័យ ហើយរត់កាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនយកមកសួរនាំកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តាយផ្លូវលេខ២០០ កែងផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា កាំភ្លើងខ្លីដែលជនជាតិចិនកាន់ជាប់និឹងដៃនោះមិនស្គាល់ម៉ាកទេដោយភ្លាមនោះកម្លាំងបាននាំខ្លួនជនជាតិចិនខាងលើនេះមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។

ក្រោយពីបានធ្វើការសាកសួរបំភ្លឺរួចមកជនជាតិចិនបានប្រាប់ថា រូបគាត់ត្រូវបានជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ ចាប់ជំរិតគាត់ដោយបានទាមទារប្រាក់ជាថ្នូរក្នុងការដោះលែងចំនួន២៥០,០០០ដុល្លារអាមេរិក នៅចំណុចជាន់ទី៩ បន្ទប់គ្មានលេខ ជាប់ជណ្តើរយន្ត ក្នុងសណ្ឋាគារវិន សិននេស សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយឡែកកាំភ្លើងមួយដើមនេះគឺគាត់បានដណ្តើមយកពីពួកវាទេ។

សមត្ថកិច្ចបញ្ជាក់ថា ដោយបានពិនិត្យសភាពការណ៍រួចមកកម្លាំងបានពន្លាតដែនដីបន្តទៅសហការជាមួយកម្លាំងនៃអធិការដ្ឋានខណ្ឌសែនសុខ ចុះទៅទីតាំង សណ្ឋាគារខាងលើនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២២និង០០នាទី។ ជាក់ស្តែងជនសង្ស័យមួយក្រុមជាជនជាតិចិនបានដឹងខ្លួនទាន់ក៏គេចចេញទៅអស់នៅវេលាម៉ោង២០និង៥០នាទីមុនសមត្ថកិច្ចចុះមកដល់ (មើលតាមរយៈកាមេរ៉ាសុវត្ថិភាពក្នុងសណ្ឋាគារ) និងបានបន្សល់ទុកនូវរថយន្តសម្រាប់ធ្វើសកម្មភាពមួយគ្រឿងម៉ាក ស្តារិច
ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-1350។

សមត្ថកិច្ចបញ្ជាក់ទៀតថា បុរសជនជាតិចិនដែលត្រូវបានឃាត់ខ្លួនក្នុងសកម្មភាពរត់កាន់កាំភ្លើងខ្លីនោះតាមស្លាកស្នាមដែលដោះអាវពិនិត្យជាក់ស្តែងឃើញថាបុរសជនជាតិចិននោះត្រូវបានគេវាយធ្វើទារុណកម្មដោយមានស្លាកស្នាមពេញខ្លួនប្រាណនិងក្បាលផងដែរ។

សមត្ថកិច្ចបញ្ចាក់ទៀតថា ជនរងគ្រោះនិង វត្ថុតាងកាំភ្លើងខ្លីមិនស្គាល់ម៉ាក (គ្រាប់ចំនួន៤គ្រាប់) និងរថយន្តម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-1350 កម្លាំងខណ្ឌដូនពេញបានប្រគល់ឱ្យសមត្ថកិច្ចខណ្ឌសែនសុខដើម្បីចាត់ការស្រាវជ្រាវបន្តទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print