រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ប្រធានសាលាដំបូងខេត្តព្រៃវែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។

លោក កែ សាខន អតីតអនុប្រធានសាលាដំបូងខេត្តព្រៃវែង ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រៃវែង តាមព្រះរាជក្រឹត្យ​លេខនស/រកត/០៧២០​/៧៦៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ជំនួស ឯកឧត្តម ម៉ុង មុនីចរិយា ដែលត្រូវបានតែងតាំងឱ្យកាន់មុខតំណែងថ្មីជាប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានគូសរំលេចអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចបានក្នុងការកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌នៅកម្ពុជា និងទិសដៅការងារដែលក្រសួងយុត្តិធម៌ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ត្រូវអនុវត្តបន្ត សំដៅលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ក្នុងគោលបំណងដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា។ លោក រដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងច្បាស់ថា ក្នុងការបន្តអនុវត្តកម្មវិធីកំណែទម្រង់វិស័យយុត្តិធម៌ «ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត»។

ក្នុងស្មារតីនេះ លោករដ្ឋមន្ត្រី បានធ្វើការណែនាំដល់ លោក កែ សាខន ក៏ដូចជាឯកឧត្តមព្រះរាជអាជ្ញា រួមទាំងអស់លោក លោកស្រី ជាចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដូចខាងក្រោម៖​

ទី១. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី ។

ទី២. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគិតធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។

ទី៣. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូ និងកិត្យានុភាពនៃអង្គចៅក្រម ដោយត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអង្គចៅក្រមខ្លួនឯងហើយវាជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យ​យុត្តិធម៌​។

ទី៤. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង​ នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។

ទី៥. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹង​កិច្ចសហប្រតិបតិ្តការល្អជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អនៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាពនៃការបម្រើសេវាយុតិ្តធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print