ហ្វុីលីពីន៖តាមច្បាប់បម្រាមថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ រដ្ឋាភិបាលហ្វុីលីពីនបានសម្រេចឲ្យផ្អាករាល់សេវាកម្មដឹកជញ្ជូនសាធារណៈ ហើយភោជនីយដ្ឋានបានត្រឹមតែដឹកជញ្ជូនអាហារទៅតាមផ្ទះតែប៉ុណ្ណោះ។ ចំណែក ហាងកាត់សក់ កែសម្ផស្ស…ត្រូវបិទទ្វារ។
កម្លាំងប៉ូលិសនិងទាហានហ្វីុលីពីនបានដាក់ពង្រាយនៅទីក្រុងម៉ានីលដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់បិទទីក្រុងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ តាមការអំពាវនាវរបស់ក្រុមគ្រូពេទ្យ ក្រោយពីមានអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន។
ទីក្រុងម៉ានីល ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិ និងជាទីកន្លែងរស់នៅរបស់ពលរដ្ឋជាង២៨លាននាក់ ស្មើ១ភាគ៤នៃពលរដ្ឋសរុប។ ច្បាប់បិទទីក្រុងជាថ្មីមានរយៈពេលតែ២សប្តាហ៍ប៉ុណ្ណោះ ដោយចាប់ផ្តើមឡើងនៅថ្ងៃទី ៤ខែសីហានេះ។
ពលរដ្ឋនៅក្នុងទីក្រុងទាំងអស់ត្រូវស្នើឲ្យនៅក្នុងផ្ទះ ហើយក្នុងមួយគ្រួសារមានសមាជិកតែម្នាក់ប៉ុណ្ណោះមានសិទ្ធិចេញក្រៅដើម្បីទិញអាហារនិងសម្ភារប្រើប្រាស់ចំាបាច់តែប៉ុណ្ណោះ។
ការកាត់បន្ថយការរិឹតត្បិតកាលពីខែមិថុនា ដើម្បីដំណើរការសេដ្ឋកិច្ចវិញបានធ្វើឲ្យហ្វីុលីពីនប្រឈមនិងការឆ្លងកើនឡើង៦ដង សរុបមានអ្នកឆ្លង១១២.៥៩៣នាក់ និងស្លាប់ ២១០០នាក់ផងដែរ។
ក្រសួងសុខាភិបាលហ្វីុលីពីនបានប្រកាសនៅថ្ងៃទី ៤ខែសីហា ថា ក្នុងរយៈពេល២៤ម៉ោងរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ៦.៣៥២នាក់ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន មិនត្រឹមតែនៅក្នុងប្រទេសហ្វុីលីពីននោះឡើយគឺនៅតំបន់អាស៊ានទាំងមូល៕