អូស្ដ្រាលី៖រដ្ឋវិចទ័ររៀ មានពលរដ្ឋច្រើនលំដាប់ទីពីរនៅអូស្ត្រាលី នៅថ្ងៃទី ៤ ខែសីហានេះបានប្រកាសថា បុគ្គលណាបំពានច្បាប់ចត្តាឡីស័កនឹងត្រូវផាកពិន័យជាទឹកប្រាក់រហូតដល់ទៅ២ម៉ឺនដុល្លារអូស្ត្រាលី ។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋវិចទ័ររៀ បានទទួលកម្លាំងយោធា៥០០នាក់ទៀតដែលរដ្ឋាភិបាលបានបញ្ជូនមកដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ នៅដើមសប្តាហ៍នេះ រដ្ឋវិចទ័ររៀបានអនុម័តច្បាប់បម្រាមនៅពេលយប់ ដោយរិឹតបន្តឹងការធ្វើដំណើរចុះឡើងរបស់ពលរដ្ឋ។
ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ មានដល់ទៅ១ភាគ៣មិនព្រមកាត់ផ្តាច់នៅក្នុងផ្ទះដោយខ្លួនឯង រហូតដល់មន្ត្រីត្រួតពិនិត្យទើបរកឃើញមានកូវីដ-១៩។ ទាំងនោះហើយបានជាអភិបាលរដ្ឋវិចទ័ររៀលោក Daniel Andrew ស្នើផាកពិន័យធ្ងន់បំផុតដល់អ្នកបំពានច្បាប់ចត្តាឡីស័ក។
អភិបាលរដ្ឋ វិចទ័ររៀបានបញ្ជាក់ថា អ្នកណាដែលបំពានច្បាប់ចត្តាឡី
ស័កជាលើកដំបូង នឹងត្រូវពិន័យជាទឹកប្រាក់៥ពាន់ដុល្លារអូស្ត្រាលី(៣.៥៦០ដុល្លារអាមេរិក)។ ចំណែកអ្នកបំពានច្បាប់ម្តងហើយម្តងទៀតត្រូវពិន័យជាទឹកប្រាក់ដល់ទៅ ២ម៉ឺនដុល្លារអូស្ត្រាលី (ប្រមាណ១៤.២៥០ USD)។
គិតដល់ថ្ងៃទី៤ ខែសីហា អូស្ត្រាលី មានអ្នកឆ្លងកូវីដ-១៩ សរុបជិត១៩ពាន់នាក់ និងស្លាប់២៣២នាក់ គឺមានតិចជាងប្រទេសអភិវឌ្ឍន៍ផ្សេងទៀតដោយសារតែអូស្ត្រាលីបិទទ្វារប្រទេសលឿន។ ដោយឡែកក្នុងរដ្ឋវិចទ័ររៀមានអ្នកឆ្លង១២ពាន់នាក់ និងស្លាប់១៣៦នាក់។ នៅថ្ងៃទី៤ខែសីហាក្នុងរដ្ឋនេះមានអ្នកឆ្លងថ្មី ៤៣៩នាក់៕